កំពង់ធំ÷ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្តដឹកនាំកងកម្លាំងចុះផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ ដល់ប្រជាពលរដ្ឋ តាមគោលដៅងាយរងគ្រោះ សំដៅលើកកម្ពស់ ការយល់ដឹង និងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
ឱ្យមានកម្រិតទាប ។
សូមបញ្ជាក់ដែរថា រយៈពេលថ្មីៗ កន្លងទៅនេះ បន្ទាប់ពីទទួលបានសេចក្ដីណែនាំ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ពង្រឹងរបៀបរបបការងារជំនាញ ដល់មន្ត្រីពាក់ព័ន្ធ ដោយសង្កត់លើការងារចរាចរណ៍ ផ្លូវគោក ÷
១-សូមធ្វើគំរូល្អ ដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ។
២-បង្កើនការងារផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍ ដល់ប្រជាពលរដ្ឋ គ្រប់គោលដៅងាយរងគ្រោះ ក្នុងគោលបំណង បញ្រ្ជាបការយល់ដឹង និងចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ។
៣-ពង្រាយកងកម្លាំងតាមទីប្រជុំជន ជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស ឬអ្នកធ្វើដំណើរ ដើម្បីបញ្ជៀសការកកស្ទះ និងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ។
៤-បញ្ចេញកងកម្លាំងចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមតម្រ៉ាយផ្លូវ ក្នុងការធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់អ្នកធ្វើដំណើរ ។
៥-មន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យ ដោះស្រាយបញ្ហាប្រឈម របស់អ្នកធ្វើដំណើរ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាក់ផ្លាកសញ្ញា សាជីតាមគោលដៅនីមួយៗ ដើម្បីពញ្ញាក់ស្មារតី បង្កើនចំណាប់អារម្មណ៍ របស់អ្នកធ្វើដំណើរ ឱ្យមានការប្រុងប្រយ័ត្ន ចៀសផុតពីហានិភ័យ ដែលកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
៦-បន្ទាប់មានករណីគ្រោះថ្នាក់ចរាចរណ៍ មន្ត្រីជំនាញ កសាងនីតិវិធី ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដោយមានតម្លាភាព តុល្យភាព ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ និងចៀសផុត ពីគ្រោះថ្នាក់ចរាចរណ៍ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប






































