អនុសាខាកាកកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បាននាំយកអំណោយមនុស្សធ៌មទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៤ខ្នង មាន៤គ្រួសារ នៅឃុំឈូកខ្សាច់

0

កំពង់ធំ÷ លោក ឃន ចាន់ថៃ អភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បារាយណ៍ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃស្រុក ព្រះគ្រូចៅអធិការវត្តក្តាមហា ក្រុមកាកបាទក្រហមឃុំឈូកខ្សាច់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈូកខ្សាច់  បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខាស្រុក អំណោយតាមវត្ត និងរបស់រដ្ឋបាលឃុំ ទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៤ខ្នងមាន៤គ្រួសារ នៅភូមិក្តាមហា ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។

មួយគ្នានេះផងដែរលោក ឃន ចាន់ថៃ បានបញ្ជាក់ថា គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះមានឈ្មោះ÷ ១-ផ្ទះលោក រុិត ហ៑ុយ អាយុ៦០ឆ្នាំ(រងរបួសធ្ងន់) ប្រពន្ធឈ្មោះស៑ុន គឹមស្រេង អាយុ៥៨ឆ្នាំ(របួសស្រាល) និងចៅស្រីឈ្មោះឡា សុកញ្ញា អាយុ៤ឆ្នាំ(របួសធ្ងន់)។ ផ្ទះឆេះទាំងស្រុងទំហំ(៩ម៉ែត្ត*១១ម៉ែត្រ) ឈើលើថ្មក្រោម ប្រក់ក្បឿង ខូចខាតសម្ភារៈលក់ចាប់ហួយ ខ្សែកផ្លាទីន និងថវិកាចំនួន២លានរៀល នៅបន្ទុកគ្រួសារមាន៦នាក់ ស្រី៣នាក់។
២- ផ្ទះលោក អ៑ុច ខុម អាយុ៦៦ឆ្នាំបន្ទុកគ្រួសារ៦នាក់ ស្រី២នាក់ ឆេះទាំងស្រុង ផ្ទះមានទំហំ(៦ម៉ែត្រ*៨ម៉ែត្ត) ឈើលើថ្មក្រោម។ ៣-ឆេះផ្ទះ ជូ ឃ្លី អាយុ៦៤ឆ្នាំ បន្ទុកគ្រួសារ៧នាក់ ស្រី៥នាក់ ផ្ទះមានទំហំ(៩ម៉ែត្រ*១៣ម៉ែត្រ) ថ្មក្រោមលើដែក ដំបូលស័ង្កសី ទទួលផលប៉ះពាល់។
៤-ផ្ទះលោក អ៑ុយ សយ អាយុ៨២ឆ្នាំបន្ទុកគ្រួសារ៧នាក់ស្រី៥នាក់ ផ្ទះមានទំហំ(៤ម៉ែត្រ*៥ម៉ែត្រ) ដំបូលស័ង្កសី ទទួលផលប៉ះពាល់។

សូមបញ្ជាក់ផងដែរថា សម្រាប់ថវិកានិងសម្ភារផ្តល់ជូនមាន៖ សម្រាប់២គ្រួសារឆេះទាំងស្រុងទទួលបានក្នុង១គ្រួសារ ថវិកា១.៣០០.០០០រៀល (ថវិកាអនុសាខា៤០០.០០០រៀល រដ្ឋបាលឃុំ ២០០.០០០រៀលចៅអធិការវត្តក្តាមហា៤០០.០០០រៀល និងព្រះមន្ត្រីសង្ឃស្រុក៣០០.០០០រៀល) សម្ភារមាន÷ អង្ករ ១២៥គីឡូក្រាម តង់១ កន្ទេល១ ឃីតកាកបាទ១ ឃីតព្រះសង្ឃ១ ឆ្នាំង២ ទឹកសុទ្ធ៣កេស មី ត្រីខ ទឺកត្រី ទឹកសុីអុីវ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ សម្រាប់២គ្រួសាររងផលប៉ះពាល់ក្នុង១គ្រួសារទទួលបាន÷ ថវិកា៦៥០.០០០រៀល (ថវិកាអនុសាខា២០០.០០០រៀល ឃុំ១០០.០០០រៀល វត្តក្តាមហា២០០.០០០រៀល និងមន្ត្រីសង្ឃស្រុក១៥០.០០០រៀល) សម្ភារៈមាន÷ អង្ករ១០០គីឡូក្រាមនិងសម្ភារប្រើប្រាស់ ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងទៀតដូចគ្រួសារឆេះទាំងស្រុងខាងលើ។
ដោយឡែកចំពោះអ្នករងរបួសទាំង៣នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែតហើយ  អនុសាខាស្រុកមានគោលការណ៍ទៅសួរសុខទុក្ខនៅពេលក្រោយ។