អភិបាលស្រុកស្ទោង បានលើកឡើងថា សមិទ្ធផលតម្លៃជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក កើតឡើងដោយសារការរួបរួមលះបង់ធនធានរបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយក្នុងការទ្រទ្រង់ពុទ្ធសាសនា

0

កំពង់ធំ÷ លោកអភិបាលស្រុកស្ទោង បានលើកឡើងថា សមិទ្ធផលតម្លៃជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក កើតឡើងដោយសារការរួបរួមលះបង់ធនធានរបស់ពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយក្នុងការទ្រទ្រង់ពុទ្ធសាសនា លោក សាយ គឹមឡម បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកនិងលោកស្រី ស៊ឹង ផល្លា អញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នូវក្លោងទ្វារ និងផ្លូវបេតុងស្ថិតនៅក្នុងវត្តក្រសាំងមានជ័យ ក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងទៅកាន់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បរជននៅក្នុងឱកាសនេះលោកបានថ្លែងអំណរព្រះគុណនិងអរគុណជាអានេកដល់ព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការ ព្រមទាំងលោកទៀ ឆាយវេង និងភរិយា ព្រមទាំងលោកថេង ណាល់ និងក្រុមគ្រួសារព្រមទាំងសប្បុរសជនជាតិឆ្ងាយ ដែលបានរួបរួមសហការគ្នាលះបង់នូវបច្ច័យធនធាន កម្លាំងកាយចិត្ត ក្នុងការកសាងនូវសមិទ្ធផលដ៏អស្ចារ្យរួមមានក្លោងទ្វារ និងផ្លូវបេតុងដែលមានតម្លៃជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ជាកំណប់ទ្រព្យក្នុងព្រះពុទ្ធសាសនា។ មួយវិញទៀតគឺជាការសន្សំនូវបុញ្ញនិធិសម្រាប់ជាតិនេះ និងអនាគតជាតិ ថែមទាំងបង្ហាញនូវការរួបរួមសហការសាមគ្គីគ្នាក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ជាពិសេសរវៀង ពុទ្ធបរិស័ទជិតឆ្ងាយ រដ្ឋបាលស្រុកស្ទោងនិងជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ទៀ ឆាយវេង និងភរិយាព្រមទាំងលោក ថេង ណាល់ និងក្រុមគ្រួសារ តែងតែរួបរួមឧបត្ថម្ភ និងសហការ ជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងកសាងនូវសមិទ្ធផលនានានៅក្នុងស្រុកស្ទោងជាពិសេសការដាក់បំពាក់អំពូលសូឡាជាច្រើនរយដើម នៅតាមទីសាធារណៈក៏ដូចជាវត្តអារាម សាលារៀន និងកន្លែងផ្សេងៗទៀតនៅក្នុងស្រុកស្ទោង ពិសេសជាងនេះទៀតគឺការកសាងនូវផ្លូវបេតុង និងក្លោងទ្វារវត្តក្រសាំងមានជ័យនេះជាសភាពចាស់ស្រាប់ ដែលថវិការបស់លោក ទៀ ឆាយវេង និងភរិយាសរុបចំនួន ៨,៨៧៧ដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះក៏មានចែកប្រគេននូវស្លាដកដល់ព្រះសង្ឃចំនួន៥អង្គ សិស្សានុសិស្ស២២៦នាក់ ក្នុង១នាក់ទទួលបាននូវសម្ភារសិក្សា១កញ្ចប់ លោកគ្រូអ្នកគ្រូ៦នាក់ ក្នុង១ទទួលបានថវិកា២ម៉ឺនរៀល ព្រមទាំងចែកជូនក្រមា៧០ដល់លោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធី ជាពិសេសលោកអភិបាលស្រុក បានចែកជូននូវគ្រឿងឧបភោគបរិភោគដល់គ្រួសារងាយរងហានិភ័យចំនួន១៣គ្រួសារបន្ថែមទៀត ដែលក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ១បេ មី១ថង់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងត្រីខរ១យួរផងដែរ។