(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ និងលោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសនេសាទនៅចំណុចលើទ្វារបឹង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ចំណែកឯសង្កាត់រដ្ឋបាលជលស្ទឹងសែន សហការជាមួយកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែនចុះបង្រ្កាបបទល្មើសជលផលនៅតំបន់បឹងទួលច្កាង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅថ្ងៃដដែលលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី និងមន្រ្តីកិច្ចសន្យា ចូលរួមជាមួយលោកវីរៈសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (ភូមិភាគទី៤) និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុច ឆេះកែវទាល់ ឃុំពាមបាង ស្រុក ស្ទោង ខេត្តកំពង់ធំ។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីកិច្ចសន្យាចូលរួមជាមួយលោកអនុសេនីយ៍ឯក ប៊ុត ទ្រី នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤) ប្រចាំការទីបញ្ជាការស្រាល ឃុំពាមបាង ស្រុកស្ទោង សហការជាមួយ កម្លាំងរដ្ឋបាលជលផលស្រុកស្ទោង ដឹកនាំដោយលោក គន ចាន់សីហា ប្រធានរដ្ឋបាលជលផល ស្រុកស្ទោង បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅចំណុចកក់ប្រាំង ទួលប្រសាទ និងរហាលព្រួល ជាប់ព្រំប្រទល់ ខេត្តសៀមរៀប ក្នុងភូមិសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង។ លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងឆារ ចង្អើរលាវ បឹងពពាយ និងអូសទូក ស្ថិតក្នុងភូមិសាស្រ្តឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាមួយគ្នានេះផងដែរ កម្លាំងចម្រុះបន្តចុះអនុវត្តជាក់ស្ដែងជាលទ្ធផលអនុវត្តបាន១ករណី នេសាទដោយប្រើឧបករណ៍ឆក់(ឆក់ត្រជាក់)វត្ថុតាងរួមមាន÷ ម៉ូតូ វេវ ចំនួន២រឿង ដុំភ្លើងឆក់ចំនួន៣គ្រឿង ដងឆក់ត្រីចំនួន៣គូ អាគុយចំនួន៣គ្រឿង ត្រីចំរុះទំងន់២០គីឡូក្រាម(ជនសង្ស័យគេចខ្លួនបាត់)។
ក្នុងនោះផងដែរកម្លាំងចម្រុះបានបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៩របាំង ប្រវែង២.០៥០ ម៉ែត្រ ឡុកសាច់អួនចំនួន១៤គ្រឿង លូ ឬ លបសាច់អួនចំនួន១៩មាត់ បង្គោលឈើចំនួន៥៨៦ដើម ចាក់ត្រីលែងចូលបឹងធម្មជាតិវិញចំនួន៣៥គីឡូក្រាម និងប្រើប្រាស់មធ្យោបាយកាណូតចំនួន១០គ្រឿង ប្រើប្រាស់ប្រេងចំនួន២៣០លីត្រផងដែរ៕






































