ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងលើកទឹកចិត្តដល់ប្រធានគណបក្សឃុំព្រះដំរី ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឱ្យបានស្អិតរមួតដើម្បីជាគ្រឹះដ៏រឹងមាំរបស់គណបក្ស

0

កំពង់ធំ÷ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងលើកទឹកចិត្តដល់ប្រធានគណបក្សឃុំព្រះដំរី ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានស្អិតរមួតដើម្បីជាគ្រឹះដ៏រឹងមាំរបស់គណបក្ស លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះ នៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងទទួលស្គាល់លោក យ៉េន សាន ជាប្រធានគណបក្សប្រជាជនកម្ពុជាឃុំព្រះដំរី កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៥។

លោកបានបន្ថែមថា ក្នុងនាមប្រធានគណបក្សថ្មីត្រូវ ខិតខំសហការរួបរួមសាមគ្គីគ្នាឱ្យអស់ពីលទ្ធភាព ក្នុងការលើកស្ទួយនិងជ្រោមជ្រែងគណបក្ស ត្រូវខិតខំកសាងនូវសមាជិកថ្មីៗឱ្យបានគ្រប់តាមចំនួននិងផែនការដែលគណបក្សដាក់ជូន ជាពិសេសគឺរក្សាចាស់បង្កើនថ្មីប្រកបដោយគុណភាពប្រសិទ្ធភាពផ្លែផ្កាដែលទាមទារដាច់ខាតឱ្យខាងតែបាននូវការឈ្នះគ្រប់សមរភូមិបោះឆ្នោតទាំងអស់ ។

លោកបានបន្ថែមថា ដើម្បើឱ្យគណបក្សខ្លាំងក៏ដូចជាប្រព័ន្ធការងាររឹងមាំ លោកមេបក្សថ្មីត្រូវបង្កើតនូវរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំបំណែងចែកតួនាទីភារកិច្ចច្បាស់លាស់ជាពិសេសផែនការ យុទ្ធសាស្ត្រនិងផែនការប្រតិបត្តិយ៉ាងជាក់លាក់ ក្នុងការចុះតាមមូលដ្ឋានជាពិសេសគឺការនៅជិតស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ហើយផ្ដល់សេវា និងបម្រើកិច្ចការទូទៅជូនពលរដ្ឋឱ្យអស់ពីបេះដូងឆាប់រហ័សដល់ជណ្តើរផ្ទះ។

ជាចុងបញ្ចប់លោកប្រធានគណបក្សស្រុកស្ទោង បានណែនាំដល់លោកប្រធានគណបក្សឃុំព្រះដំរី ត្រូវខិតខំសហការឱ្យបានជិតស្និទ្ធបំផុតជាមួយក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី ដើម្បីគុណភាពប្រសិទ្ធភាពកិច្ចការទូទៅរបស់គណបក្សជាពិសេសការជួយកសាងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា លោក យ៉េន សាន ត្រូវបានប្រកាសតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាឃុំព្រះដំរី ជំនួសលោកស្រី យត ណាង ដែលបានសុំលាលែងដោយសារបញ្ហាសុខភាព។