លោក ផាង វី អញ្ជើញចូលរួមពិនិត្យវឌ្ឍនភាពការដ្ឋានជួសជុលផ្លូវ១ខ្សែប្រវែង ១៥០០ម៉ែត្រ និងជួបសំណេះសំណាលសាកសួរសុខទុក្ខប្រធាន និងអនុប្រធានក្រុមបក្សចំនួន ២ភូមិ ក្នុងមូលដ្ឋានឃុំទ្រា

0

កំពង់ធំ: លោក ផាង វី អញ្ជើញចូលរួមពិនិត្យវឌ្ឍនភាពការដ្ឋានជួសជុលផ្លូវ១ខ្សែប្រវែង ១៥០០ម៉ែត្រ និងជួបសំណេះសំណាលសាកសួរសុខទុក្ខប្រធាន និងអនុប្រធានក្រុមបក្សចំនួន២ភូមិ ក្នុងមូលដ្ឋានឃុំទ្រា ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគុណភាពប្រសិទ្ធភាពការងារជាពិសេសពង្រឹងទំនាក់ទំនងជាមួយមូលដ្ឋានឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ថ្លែងទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងសមាជិកសមាជិកានៅក្នុងឱកាសនោះ លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា បានលើកឡើងពីសមិទ្ធផលថ្មីៗដែលសម្រេចបានដែលរួមមាន សំណង់អគារស្នាក់ការគណបក្សឃុំទ្រា ប្រព័ន្ធធារាសាស្ត្រ ការជួសជុលផ្លូវក្រួសក្រហមជាច្រើនគីឡូម៉ែត្រ ការឧបត្ថម្ភដល់គ្រួសារទទួលមរណភាព ការឧបត្ថម្ភស្ត្រីកូនខ្ចី ការជួសជុលផ្លូវ ការជីកស្រះទឹករួម ។ និងបានលើកទិសដៅផែនការអភិវឌ្ឍន៍ឃុំទ្រាឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។

ជាមួយគ្នានេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង លោកផាង វី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រធាន និងអនុប្រធានក្រុមបក្សចំនួនពីរភូមិ ក្នុងមូលដ្ឋានឃុំទ្រា គឺភូមិតាចរចំនួន៤៧នាក់ និងភូមិពពាយចំនួន ៥៥នាក់ ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារចំនួន២០នាក់ផងដែរ ក្នុងគោលបំណងដើម្បីបង្កើនភាពសិទ្ធស្នាល បង្កើតប្រព័ន្ធទំនាក់ទំនងកាន់តែរហ័ស មានប្រសិទ្ធភាពរ ស៊ីសង្វាក់វាងក្រុមការងារចុះមូលដ្ឋានតាមភូមិនីមួយៗ និងសមាជិក សមាជិកាគណបក្សទាំងអស់តាមខ្នងផ្ទះ ព្រមទាំងទទួលយកនូវមតិយោបល់ បញ្ហា និងសំណូមពរ ហើយធ្វើការដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនធំដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាបណ្ដើរៗ និងឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ លោកប្រធានក្រុមការងារក៏បានឧបត្ថម្ភថវិកាដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល និងក្មេងៗចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ពាន់រៀលផងដែរ៕