កំពង់ចាម: អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នឹងរៀបចំអំបុកស្រូវថ្មី ចំនួន ១០០០កញ្ចប់ ក្នុងមួយកញ្ចប់ ១គីឡូក្រាម រួមទាំងដាក់បញ្ចូលនូវសាច់ផាត់ ដើម្បីគាំទ្រដល់វីរៈកងទ័ពកម្ពុជា ក្រោមពាក្យស្លោករបស់សម្ដេចតេជោ «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំជាមួយក្រុមការងាររៀបចំទទួលអំណោយ
ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ។
ថ្លៃងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឲ្យក្រុមការងារ រៀបចំបន្ថែម គ្រឿងឧបភោគបរិភោគ សម្ភារ ប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ និងគ្រឿងសម្រាប់បរិភោគដែលមានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួន ជូនចំពោះ វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងនៅជួរមុខ ការពារទឹកដី និងមាតុភូមិនៃយើង។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា អំណោយរបស់បងប្អូន សប្បុរសជនទាំងអស់ រដ្ឋបាលខេត្តនឹងចាត់ចែងបែងចែក ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព នានាក្នុងខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលជាកងពលសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាមផងដែរ៕






































