ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាចុះពិនិត្យស្ថានភាពគ្រួសារភៀសសឹក និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារភៀសសឹកស្នាក់នៅក្រុងសៀមរាប

0

សៀមរាប៖ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញចុះពិនិត្យស្ថានភាពគ្រួសារភៀសសឹក និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារភៀសសឹកស្នាក់នៅក្រុងសៀមរាប ដោយជំហានដំបូងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើស្ត្រីជាមាតាទារក ទើបសម្រាលកូនថ្មីៗ និងស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ត្រៀមសម្រាលនៅពេលខាងមុខដ៏ខ្លី។

ក្នុងបេសកកម្មថ្ងៃនេះ ក្រៅពីពិនិត្យស្ថានភាពទូទៅរបស់គ្រួសារភៀសសឹក ដែលស្នាក់នៅតាមទីតាំងសុវត្ថិភាព ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានជួបសួរសុខទុក្ខស្ត្រីជាមាតាទារក ទើបសម្រាលកូនថ្មីៗ និងស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ត្រៀមសម្រាលនៅពេលខាងមុខ ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋានដែលនៅប្រកៀកនឹងបង-ប្អូនប្រជាពលរដ្ឋភៀសសឹក ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ពួកគាត់ ក្នុងការសម្របសម្រួលទីតាំងស្នាក់នៅ និងការបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ក្នុងករណីចាំបាច់ណាមួយ។

ស្ត្រីជាមាតា ទារក និងស្ត្រីមានផ្ទៃពោះ ដែលបានជួបសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយមនុស្សធម៌ថ្ងៃនេះសរុប ៩នាក់ រួមមាន៖
– ផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ ចំនួន ២នាក់ (ក្នុងនោះស្ត្រីមានផ្ទៃពោះគ្រប់ខែ ១នាក់ និងទើបសម្រាលកូនថ្មីៗ ១នាក់)។
– វត្តអារញ្ញសាគរ ចំនួន ១នាក់ (ក្នុងនោះស្ត្រីទើបសម្រាលកូនថ្មីៗ ១នាក់)។ ជាមួយគ្នានេះ ឯកឧត្តមបានប្រគេន មុង៥០, ភួយ៥០, ក្រមា៥០, និងកន្ទេល៥០ ជូនវត្តអារញ្ញសាគរផងដែរ។
– វត្តប្រាសាទគោកចក ចំនួន ៦នាក់ (ក្នុងនោះស្ត្រីមានផ្ទៃពោះគ្រប់ខែ ៣នាក់ និងទើបសម្រាលកូនថ្មីៗ ៣នាក់)។

អំណោយមនុស្សធម៌ផ្ដល់ជូនក្នុង ១គ្រួសារមាន៖ អង្ករ ១៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, អំបិល ១គីឡូក្រាម, មុង១, ភួយ១, ក្រមា១, កន្ទេល១, និងថវិកាមួយចំនួនផងដែរ៕