(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហានគរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ដែលបានជម្លៀសខ្លួនចេញពីតំបន់សមរភូមិប្រយុទ្ធនៅព្រំដែន មកកាន់ទីតាំងសុវត្ថិភាពនៅក្នុងស្រុកតាំងគោក
សរុប៣៤គ្រួសារ នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
នាឱកាសនោះ លោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ តែងតែផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចំពោះជនភៀសសឹង ដែលមកស្នាក់នៅបណ្ដោះអាសន្នផងដែរ ព្រមទាំងជំរុញឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើការស្រាវជ្រាវ និងប្រមូលទិន្នន័យពីជនភៀសសឹក ដើម្បីក្តាប់បានព័ត៌មានជាក់លាក់ ធ្វើការចុះសួរសុខទុក្ខនិងផ្តល់ភាពងាយស្រួលក្នុងការមកស្នាក់អាស្រ័យដោយមិនមានការភិតភ័យអ្វីឡើយ។
លោក ហាក់ ម៉ុងហួត ក៏បានប្រាប់ឱ្យប្រជាជនភៀសសឹក យកចិត្តទុកដាក់គិតគូរពីសុខភាព ឱ្យបានល្អ កុំមានការភិតភ័យ និងបារម្ភ ពេលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកតាំងគោកនេះ ដោយអាជ្ញាធរ បានយកចិត្តទុកដាក់ និងត្រៀមជួយជានិច្ច ហើយបើសិនមានបញ្ហាសុខភាព ត្រូវប្រាប់ជាបន្ទាន់អាជ្ញាធរដែលប្រចាំការចាំជួយពលរដ្ឋផងដែរ។
លោក ហាក់ ម៉ុងហួត បានបន្ថែមថា ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺមិនចង់បានសង្គ្រាមនោះឡេីង ដោយសារផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។
លោកបន្តថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រយុទ្ធគ្នា ដោយរៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។
លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តសាមគ្គីភាព និងឯកភាពគ្នាឱ្យបានរឹងមាំបន្តទៀត ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តជឿជាក់លើថ្នាក់ដឹកនាំ ក្នុងចំណាត់ការការពារទឹកដីនាពេលនេះ, លោកអះអាងថា បើយើងរួមកម្លាំង សាមគ្គីគ្នាបានរឹងមាំ នោះជាតិយើងនឹងកាន់តែខ្លាំងក្លា និងឈ្នះអស់ពួកមារសត្រូវទាំងឡាយជាក់ជាមិនខាន៕






































