(កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ និងសហការីបាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះ១ខ្នងអស់ទាំងស្រុង ស្ថិតនៅភូមិក្រសាំង(ខ) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ បានបញ្ជាក់ថានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង១២:០០នាទីយប់ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះចំនួន០១ខ្នងអស់ទាំងស្រុង ម្ចាស់ផ្ទះមានឈ្មោះ សេង សូន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិក្រសាំង(ខ) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផ្ទះមានទំហំ ៦ម៉ែត្រ×១២.៥០ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង សម្ភារៈខូចខាតមាន÷ លុយខ្មែរ៤លានរៀល ខ្សែកមាស២ខ្សែ ខ្សែដៃ១ខ្សែ ផ្លាកទីន៥ជី ខ្សែក១ខ្សែ ផ្លាកទីន៥ជី ខ្សែកផ្លាកខ្សែ១ដំឡឹង កងជើងផ្លាកទីន៤ទម្ងន់១ដំឡឹង
អង្ករ១០០គីឡូក្រាម គ្រែឈើចំនួន១ ទូរទឹកកកចំនួន១ ទូរដាក់ខោអាវចំនួន៥ ទូរស័ព្ទ២គ្រឿង សំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសម្ភារៈមួយចំនួនទៀត មូលហេតុ ឆ្លងចរន្តអគ្គីសនី។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សម្ដេច និងឯកឧត្តមតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងហានិភ័យគ្រប់បែបយ៉ាង ក្នុងការផ្ដល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដោះស្រាយជីវភាពបានមួយកំរិតផងដែរ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ចុះដល់មូលដ្ឋាន។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះជារដូវរំហើយ ពេលចេញដំណើរទៅណាមកណាត្រូវតែបិទកុងតាក់ភ្លើងឱ្យបានត្រឹមត្រូវ ពិសេសភ្លើងចង្ក្រាន ធូប ទៀនរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារកុំឱ្យមានភ្លើភ្លើងឆេះផ្ទះ។
សូមបញ្ជាក់ផងដែរថា លោក អ៊ុត វណ្ណរ៉ា ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា បាននាំយកសម្ភារ:អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ ទៅសុខទុក្ខបងប្អូនដែលរងគ្រោះតភ្លើងផ្ទះ សម្ភារ:រួមមាន÷ អង្ករ៥០គីឡូ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា១០០.០០០រៀល លោក ជួសួន មេឃុំសាន់បានយកសម្ភារៈមួយចំនួនជួយដល់ជនរងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិក្រសាំង(ខ)មាន÷ អង្ករ៥០គីឡូក្រាម ទឹកសីអុីវ១យួរ ទឹកត្រី១យួរ និងថវិកា១០០.០០០រៀល៕






































