កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញប្រគល់ អំណោយជំហានទី២ ជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់នានា ជូន ដល់វីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលកំពុងការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី ពីចោរឈ្លានពានសៀម នៅតាមខ្សែបន្ទាត់ព្រំដែន ទិសខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនដែលតែងតែចូលរួម ចែករំលែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដើម្បីឧបត្ថម្ភដល់វីរ កងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាន និងកំពុងជម្លៀសមកកាន់ទីកន្លែងមានសុវត្ថិភាព ទាំងនេះគឺជាការ បង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ សមរភូមិក្រោយ និងសមរភូមិមុខគឺតែ១ ខ្មែររួម សាមគ្គីគ្នាគឺខ្មែរខ្លាំង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូន ប្រជាពលរដ្ឋ និងសប្បុរសជនដែលបានចូលរួម ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រគល់ជូន ដល់វីរកងទ័ពនៅតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលបង្ហាញពីការដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា ពោរពេញដោយស្មារតីជាតិនិយម បន្ទាប់ពីទាហានសៀមបានបង្កសង្គ្រាមឈ្លានពាន យ៉ាងគឃ្លីនមកលើអធិបតេយ្យភាពកម្ពុជា ។
គួរបញ្ជាក់ថា អំណោយជំហានទី២ ដែលរដ្ឋបាលខេត្តកំពង់ចាម ប្រគល់ជូនដល់កងពលតូច អន្តរាគមន៍លេខ៦ នាពេលនេះ មានប្រមាណជា ២៥មុខ ដូចជាអំបុកស្រូវថ្មី និងសាច់ផាត់ចំនួន ២.០០០គីឡូក្រាម អង្ករចំនួន ១០តោន មីជាតិ ៥០០កេះ ខ្ទឹមសរ ឆៃពៅ ត្រសក់ចាវ ត្រីប្រឡាក់ ត្រីងៀត សាច់ក្រក សាច់ស្រស់ ប្រេងឆារ ស្ករសរ អំបិល ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ សៀង ពងទា ទឹកសុទ្ធ ភេសជ្ជៈ នំចំរុះ បន្លែ ផ្លែឈើ អំពូលសូឡា ៥០ឈុត និងថវិកាសរុបចំនួន ៥០លាន រៀលផងដែរ ៕






































