(កំពង់ធំ)÷រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញទទួលអំណោយ ពីសប្បុរសជន ដែលឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ។
ក្នុងកិច្ចសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងនាយនគរបាល នាយនគរបាលរង មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ÷ ១-សប្បុរសជនតាមរយៈលោកស្រី លឹម អៀងចេង ២-លោកស្រី ឆុន សុរ៉ាវី ម្ចាស់អាហារដ្ឋានផ្ទះក្រអូប នៅស្រុកសន្ទុក ៣-អធិការដ្ឋាននគរបាលស្រុកស្ទោង ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់អង្គភាពនាឱកាសនេះ ស្របតាមតម្រូវការចាំបាច់
ដើម្បីលោកនាំយកទៅឧបត្ថម្ភបន្ត ជូនជនភៀសសឹកដែលចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ភៀសខ្លួន មកស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយសារការឈ្លានពានពីកងទ័ពថៃ តាមព្រំដែនកម្ពុជា-ថៃ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរ ជូនចំពោះសប្បុរសជន ព្រមទាំងមនុស្សជាទីស្រឡាញ់ សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ដែរថា ទន្ទឹមនឹងការឧបត្ថម្ភ ពីសប្បុរសជន លោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី លឹម អៀងចេង បានចាត់ចែងដឹកនាំកងកម្លាំងរៀបចំសម្ភារៈ គ្រឿងឧបភោគបរិភោគបរិភោគ និងថវិកាមួយចំនួន ជាច្រើនកញ្ចប់ សម្រាប់ចែកជូនបងប្អូន ជនភៀសសឹក នាពេលឆាប់ៗ ខាងមុខនេះ គឺដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយជីវិភាព
ជាប្រចាំថ្ងៃ របស់បងប្អូនផងដែរ៕






































