ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគុយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បួងសួងសុំ សេចក្តីសុខ និងសូមជួយថែរក្សាដល់វីរកងទ័ព ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន និងទទួលបានជ័យជម្នះនៅគ្រប់សមរភូមិ

0

(កំពង់ធំ)៖ លោកជំទាវ លឹម ស្រីណិតប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគុយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អមដំណើរដោយអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំនិងលោកមេឃុំព្រៃគុយ បានដឹកនាំក្រុមការងារបួងសួងសុំ សេចក្តីសុខនិងសូមជួយថែរក្សាដល់វីរកងទ័ពឱ្យឈ្នះអស់មារសត្រូវឈ្លានពាន និងទទួលបានជ័យជម្នះនៅគ្រប់សមរភូមិនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥នៅទីកន្លែងសក្តិសិទ្ធិ ស្ដេចយម្មរាជ្យ ក្នុងវត្ត សំរោងមានជ័យ ហៅវត្តលាពាក្យ ។

លោកជំទាវ បានឧទ្ទិសបួងសួងសូមជូនពរបងប្អូនវីរកងទ័ពយើង និងសូមបងប្អូនវីរកងទ័ពយើងតស៊ូ ដើម្បីចូលរួមចំណែកជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ សូមឧទ្ទិសដល់បារមីអតីតព្រះមហាក្សត្រជាច្រើនជំនាន់ ជួយថែរក្សា និងជួយបងប្អូនវីរកងទ័ពយើង ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន និងទទួលបានជ័យជម្នះនៅគ្រប់សមរភូមិ។

លោកជំទាវ បន្តថាក្នុងនាមជាអ្នកនៅសមរភូមិក្រោយមិនដែលភ្លេចសោះឡើយអ្នកនៅសមរភូមិមុខ និងសូមកោតសរសើរដោយស្មោះនូវពលិកម្ម និងស្មារតីអង់អាចក្លាហានរបស់បងប្អូនកងទ័ពទាំងអស់ដែលកំពុងប្រយុទ្ឋការពារទឹកដីរបស់យើង  ហើយតាមរយៈពលិកម្មនេះ សូមបន្តរួមគ្នារក្សាសាមគ្គីភាពឯកភាពរឹងមាំនិងជ្រោងខ្ពស់ស្មាតីស្នេហាជាតិក្នុងការបំពេញភារកិច្ចការពារបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។

លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមឧបត្ថម្ភជាសម្ភារៈ ស្បៀង និងថវិកា ដើម្បីជួយដល់វីរៈកងទ័ពជួរមុខដែលកំពុង ទប់ទល់ជាមួយនឹងសត្រូវឈ្លានពានសៀម ដែលបានវាយប្រហារមកលើកកម្ពុជាមុន។ អត្ថបទដោយ សូរហ៊ាន សំអាង