សៀមរាប: សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននិមន្ត និងអញ្ជើញចុះជួបសួរសុខទុក្ខនិងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់មានសង្គ្រាមព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅតាមបណ្ដាវត្តចំនួន៤
ចំនួន១៨០៤គ្រួសារ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អំណោយទាំងនេះ ជារបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ ព្រមទាំងសប្បុរសជនជាច្រើនទៀត។
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប វត្តអារាមមិនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ តែបានក្លាយជា “ផ្ទះទីពីរ”ឬ ទីជម្រកសុវត្ថិភាព” សម្រាប់បងប្អូនដែលកំពុងរងទុក្ខវេទនាទាំងផ្លូវកាយ និងផ្លូវចិត្តដោយសារសង្គ្រាមឈ្លានពាន់ពីសំណាក់កងទ័ពថៃ។ជាមួយគ្នានេះសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងព្រះសង្ឃជាព្រះចៅអធិការវត្តនៅក្នុងក្រុងសៀមរាប ជាច្រើនអង្គទៀត រួមជាមួយសប្បុរសជន បានចូលរួមផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋភៀសសឹកបានទាន់ពេលវេលា។លោកក៏បានណែនាំដល់អាជ្ញាធរ ទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃ និងគ្រប់ភាគីពាក់ព័ន្ធ ធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព និងការផ្គត់ផ្គង់ចាំបាច់នានា ដល់បងប្អូនជនភៀសសឹកឱ្យបានសមរម្យ និងថ្លៃថ្នូរ។ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅក្នុងខេត្តសៀមរាបមានជាង៣ម៉ឺន៥ពាន់គ្រួសារហើយ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាថា ស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ។ សម្ដេចព្រះព្រហ្មរតនមុនីមានថេរដីកាលើកឡើងថា សង្គ្រាមមិនដែលផ្តល់សុភមង្គល ឬ ភាពរីកចម្រើន ការជួបជុំគ្រួសា រដូចសន្តិភាពនោះទេ គឺសង្គ្រាមមានតែធ្វើឱ្យ ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ។ ស្របនឹងស្ថានការណ៍នេះ វត្តអារាម គឺជារបស់យើងទាំងអស់គ្នា ហើយនៅទីនេះគឺជាទីស្នាក់អាស្រ័យនៃសេចក្ដីស្ងប់ ជាទីដែលយើងបានរស់នៅដោយផ្អែកលើធម៌មេត្តា និង ធម៌ករុណារបស់ព្រះសង្ឃ។ ព្រះអង្គ សូមសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត ចំពោះការបាត់បង់ និងការឈឺចាប់ទាំងឡាយ ដែលបងប្អូនបានជួបប្រទះ ៕






































