(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ អញ្ជើញជាអធិបតីភាពក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ឯក ជូនសពវីរយុទ្ធជន លោកអនុសេនីយ៍ឯក ឈួន
គឹមណាន នាយរងការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលបានពលីជីវិតកាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៦ឆ្នាំ ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានពីពួកចោរសៀម នៅក្នុងសមរភូមិតំបន់អានសេះ ។ ដោយពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងបណ្ដាកងឯកភាពចំណុះទាំងអស់ សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំនេះ ព្រមទាំងបានសម្តែងនូវការសោកស្ដាយអាឡោះអាល័យខ្លាំងជាពន់ពេក ចំពោះការបាត់បង់យុទ្ធមិត្តធ្លាប់រួមអាវុធ រួមការងារជាមួយគ្នា ជិត ៣ទសវត្សរ៍មកហើយ ។ ការបាត់បង់នូវវីរៈជនដ៏ឆ្នើម ១រូប និងជានាយរងការិយាល័យទី១ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលកន្លងមកលោកតែងតែលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតីតស៊ូយ៉ាងមុតមាំ ក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អ និងបានក៏សាងស្នាដៃជាច្រើន ជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងបណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ បានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធ និងបានអុជធុបបួងសួងឧទ្ទិសដល់ដួងវិញ្ញាក្ខន្ធសពលោកវរសេនីយ៍ឯក ឈួន គឹមណាន សូមឲ្យលោកបានទៅកាន់សុខគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិចំនួន ៣២,៧៥៤,០០០រៀល ប្រគល់ជូនដល់គ្រួសារសពផងដែរ ។
តំណាងក្រុមគ្រួសារនៃសព របស់វរសេនីយ៍ឯក ឈួន គឹមណាន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងជាពិសេសឯកឧត្តម មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងទទួលបានការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម មេបញ្ជាការ ទើបកម្មវិធីបុណ្យនេះប្រកបទៅដោយភាពរលូន៕






































