រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី និងលោកស្នងការនគរបាលខេត្តកំពង់់ធំ បានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ជនភៀសសឹកចំនួន១១១គ្រួសារ ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងស្រុកកំពង់ស្វាយ

0

(កំពង់ធំ)៖ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនជនភៀសសឹកចំនួន១១១ គ្រួសារ ដែលមកស្នាក់នៅបណ្ដោះអាសន្ន ស្ថិតក្នុងឃុំត្បែង និងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះឯកឧត្តម ទិត សុធា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចទាំងទ្វេរតែងតែឱ្យយកចិត្តទុកដាក់ចំពោះជនភៀសសឹកដែលមកស្នាក់នៅបណ្ដោះអាសន្ន ព្រមទាំងជំរុញឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើការស្រាវជ្រាវ និងប្រមូលទិន្នន័យពីជនភៀសសឹក ដើម្បីក្តាប់បានព័ត៌មានជាក់លាក់ និងធ្វើការចុះសួរសុខទុក្ខ ផ្តល់ភាពងាយស្រួលក្នុងការមកស្នាក់អាស្រ័យដោយមិនមានការភិតភ័យអ្វីឡើយ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា ក្នុងកាល:ទេសប្រទេសជាតិកំពុងមានសង្រ្គាមជាមួយនឹងចោសៀមឈ្លានពានទឹកដីនៅពេលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រយុទ្ធគ្នា ដោយរៀបចំកន្លែងសុវត្ថិភាព ក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងផ្នែកសុខាភិបាលជូនបងប្អូនទាំងអស់គ្នាផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការ បន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ លើជនភៀសសឹក ដូច្នេះសូមបងប្អូន កុំមានការភិតភ័យ និងបារម្ភ ពេលមកស្នាក់នៅបណ្តោះអាសន្ននៅទីនេះ ដោយអាជ្ញាធរ បានយកចិត្តទុកដាក់ និងត្រៀមជួយជានិច្ច បើបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងជាមួយ អាជ្ញាធរដែនដី ដើម្បីសមត្ថកិច្ចដែលមានមូលដ្ឋាននៅទីនេះជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្ដាំផ្ញើ ដល់បងប្អូនសូមរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ។ ព្រមទាំងណែនាំឱ្យបងប្អូនថែទាំសុខភាព ឱ្យបានល្អប្រពៃ តាមរយៈផ្លាស់ប្ដូរទម្លាប់ថ្មី ការធ្វើអនាម័យ ជាចំបង ក្នុងការការហូបចុក និងការស្នាក់នៅ ។

បន្ទាប់មក ឯកឧត្តម ទិត សុធា និងលោកឧត្តមសេនីយ៍ទោ ហេង សុផល បានឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគបរិភោគ ជូនជនភៀសសឹកចំនួន១១១គ្រួសារ ក្នុង០១គ្រួសារ ទទួលបាននូវ÷[អង្ករ២៥ គីឡូក្រាម ឃីត០១កញ្ចប់ បន្លែ មី ទឹកបរិសុទ្ធ សម្លៀកកបំពាក់ ភួយ និងថវិកាចំនួន៥០,០០០រៀលផងដែរ៕