ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញចុះពិនិត្យស្ថានភាពគ្រួសារភៀសសឹក និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារភៀសសឹកស្នាក់នៅតាមទីតាំងសុវត្ថិភាព

0

ខេត្តសៀមរាប៖ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញចុះពិនិត្យស្ថានភាពគ្រួសារភៀសសឹក និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារភៀសសឹកស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប ដោយជំហានដំបូងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើស្ត្រីជាមាតាទារក ទើបសម្រាលកូនថ្មីៗ និងស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ត្រៀមសម្រាលនៅពេលខាងមុខដ៏ខ្លី ស្របតាមទិសស្លោក‌«កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកអ្នកណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។

ក្នុងបេសកកម្មថ្ងៃនេះ ក្រៅពីពិនិត្យស្ថានភាពទូទៅរបស់គ្រួសារភៀសសឹក ដែលស្នាក់នៅតាមទីតាំងសុវត្ថិភាព ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានជួបសួរសុខទុក្ខស្ត្រីជាមាតាទារក ទើបសម្រាលកូនថ្មីៗ និងស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ត្រៀមសម្រាលនៅពេលខាងមុខ ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋានដែលនៅប្រកៀកនឹងបង-ប្អូនប្រជាពលរដ្ឋភៀសសឹក ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ពួកគាត់ ក្នុងការសម្របសម្រួលទីតាំងស្នាក់នៅ និងការបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ក្នុងករណីចាំបាច់ណាមួយ។

ស្ត្រីជាមាតា ទារក និងស្ត្រីមានផ្ទៃពោះ ដែលបានជួបសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយមនុស្សធម៌ថ្ងៃនេះសរុប ២០នាក់ រួមមាន៖
១- ស្រុកពួកសរុបចំនួន ០៦នាក់៖
-ស្រ្តីជាមាតា ទារក កូនពីអាយុ១៥ថ្ងៃចុះក្រោមមានចំនួន ០០នាក់
-ស្រ្តីមានផ្ទៃពោះជិតគ្រប់ខែមានចំនួន ០៦នាក់។
ជាមួយគ្នានោះដែរ ឯកឧត្ដម បានជូនថវិកាបន្តិចបន្ទចដល់ជនភៀសសឹកដែលជាជនពិការផងដែល។

គួរបញ្ជាក់ផងដែលថា គិតចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះចែកអំណោយមនុស្សធម៌ជូនដល់ស្រ្តីជាមាតាទារក ដែលទើបសម្រាលកូនថ្មីៗ និងស្រ្តីដែលមានផ្ទៃពោះជិតគ្រប់ខែ ដែលភៀសសឹកមកទីតាំងសុវត្តិភាពក្នុងភូមិសាស្រ្តខេត្តសៀមរាបសរុបចំនួន ២២៩នាក់ ក្នុងនោះ៖
-ស្រ្តីជាមាតា ទារក កូនពីអាយុ១៥ថ្ងៃចុះក្រោមមានចំនួន ៦៨នាក់
-ស្រ្តីមានផ្ទៃពោះជិតគ្រប់ខែមានចំនួន ១៦០នាក់
-ចាស់ជរាពិការជើង ១នាក់ (រទេះរុញជនពិការ)។

អំណោយមនុស្សធម៌ផ្ដល់ជូនក្នុង ១គ្រួសារមាន៖ អង្ករ ១៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, អំបិល ១គីឡូក្រាម, មុង១, ភួយ១, សារុង១, កន្ទេល១, និងថវិកាមួយចំនួនផងដែរ៕