(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា អំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវរួបរួមសាមគ្គីសហការគ្នាកសាងសន្តិភាពរួមនិងយូរអង្វែងជាមួយគ្នា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដូច្នេះកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួប
សំណេះសំណាលសួរសុខទុក្ខ គ្រួសារកងទ័ព និងជនភៀសសឹកប្រមាណ ៥០០នាក់ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការភៀសខ្លួនពីសង្គ្រាមឈ្លានពាននៅក្នុងឱកាសនេះ មិនដឹងថាពេលណាត្រូវបញ្ចប់ឬបានវិលត្រឡប់ទៅកាន់មូលដ្ឋានគេហដ្ឋានផ្ទះសម្បែងរបស់ខ្លួនវិញនោះទេ ហេតុដូច្នេះសូមពុកម៉ែបងប្អូនជាគ្រួសារវីរៈកងទ័ពជួរមុខ និងជនភៀសសឹកទាំងអស់ ត្រូវខិតខំរស់នៅប្រកបដោយអនាម័យខ្ពស់ ថែសុខភាពឱ្យបានល្អប្រសើរ ព្រោះសុខភាពល្អមាំទាំនេះហើយដែលមានគុណតម្លៃមិនអាចកាត់ថ្លៃបាន ហើយកុមារត្រូវខិតខំសិក្សារៀនសូត្រជាបណ្ដោះអាសន្ននៅតាមសាលារៀន គ្រឹះស្ថានសិក្សាដែលនៅជិតកន្លែងដែលខ្លួនកំពុងស្នាក់នៅ ព្រោះការសិក្សារៀនសូត្រនេះហើយដែលនាំឱ្យខ្លួនយើងក៏ដូចជាប្រទេសជាតិ មានអនាគតភ្លឺស្វាងនិងសំបូររុងរឿង ជាប្រទេសខ្លាំងក្លាជាប្រទេសដែលពុំមានការសរសីរឬឈ្លានពានពីប្រទេសណាឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តម បានកោតសរសើរខ្ពស់ដល់អាជ្ញាធរស្រុកស្ទោង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងទាំងបី ដែលបានរួបរួមសហការ យកចិត្តទុកដាក់ដល់សុខទុក្ខ សុវត្ថិភាព សុខុមាលភាព ជនភៀសសឹក និងគ្រួសារវីរៈកងទ័ពដែលបានភៀសខ្លួនពីតំបន់ព្រំដែន តំបន់ជម្លោះពីការឈ្លានពានរបស់ចោរសៀមកដល់មូលដ្ឋានប្រកបដោយសុខសុវត្ថិភាព។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមប្រធានការងារបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខវីរៈកងទ័ព ឈ្មោះ កែវ នរិទ្ធត្យា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង ដែលបានមកពីតំបន់សមរភូមិមុខ ទិសអូស្មាច់ ហើយឯកឧត្តមបានឧបត្ថម្ភនៅថវិកា ១លានរៀលផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ឯកឧត្តមប្រធានបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន ឃីតមួយកញ្ចប់ និងថវិកា១គ្រួសារៗ ៥ម៉ឺនរៀល ដោយឡែកគ្រួសារវីរៈកងទ័ព១៣គ្រួសារក្នុង១គ្រួសារ ២០ម៉ឺនរៀលផងដែរ៕






































