អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនពលរដ្ឋភៀសសឹក ១ពាន់គ្រួសារ នៅខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំគណៈប្រតិភូខេត្ត នាំយកអំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងអំណោយសប្បុរសធម៌ មកចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ១ពាន់គ្រួសារ ដើម្បីចូលរូមដោះស្រាយជីវភាពរស់នៅរបស់ពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនថៃ-កម្ពុជា និងក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍កែវមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌របស់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ,លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានផ្ដល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូនៃខេត្តកំពង់ចាម លើទឹកដីខេត្តព្រះវិហារ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែង ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជូនចំពោះប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត នៅក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង ដែលបង្ខំឲ្យបងប្អូនត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយៈ ដើម្បីជម្លៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្ន។

លោក អ៊ុន ចាន់ដា បានបន្តថា ទាំងនេះបានបង្ហាញឲ្យឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកឲ្យទាន់ពេលវេលា ដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយ។

លោកអភិបាលខេត្តកំពង់ចាម បានថ្លែង ក្រើនរំលឹកពលរដ្ឋភៀសសឹកទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងត្រូវចេះគោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ មានសាមគ្គីភាពល្អ ចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយគ្នាបានសុខសុវត្ថិភាព ក្នុងទីតាំងមណ្ឌលសុវត្ថិភាពនេះ ជាពិសេសបងប្អូនត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ តាមរយៈការអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង គឺហូបស្អាត ផឹកស្អាត នឹងរស់នៅស្អាត ដើម្បីបង្ការទប់ស្កាត់ ការពារការឆ្លង នៃជម្ងឺរាតត្បាតនានា ទាំងក្នុងរយៈពេល នៃការស្នាក់នៅ ព្រោះថា បើមានការធ្វេសប្រហែស អាចនាំឲ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបសប្អូន សូមមានជំនឿចិត្តលើការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល និងទឹកចិត្តដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពយើង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី ពីចោរឈ្លានពាន៕ដោយ៖ឡុង សំបូរ