ខេត្តព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំប្រតិភូនាំយកអំណោយរបស់រដ្ឋបាលខេត្ត និងសប្បុរសជននានា មកប្រគល់ជូនដល់វីរកងទ័ពជួរមុខ និងអាជ្ញាធរជាតិព្រះវិហារ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ថែរក្សាសម្បត្តិវប្បធម៌ជាតិ និងពិភពលោក ពីការឈ្លានពានរបស់ចោរសៀម មកដែនអធិបតេយ្យកម្ពុជា។ ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។
ក្នុងដំណើរបំពេញបេសកកម្ម ដ៏មានតម្លៃនាឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដោយមានការចូលរួមពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងនោះ បានផ្ដល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តកំពង់ចាម ដែលដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ អំណោយទាំងនោះ ត្រូវបានចែកជូនដល់វីរកងទ័ព នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងអាជ្ញាធរជាតិប្រាសាទព្រះវិហារ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ក្នុងនាមប្រជាជនខេត្តកំពង់ចាមទាំងមូល សូមសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពយើង ដែលបានលះបង់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការ រក្សាការពារយ៉ាងរឹងមាំ ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ពីចោរឈ្លានពាន។
លោកអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អំណោយដែលត្រូវបានផ្តល់ជូននាពេលនេះ គឺបានមកពីទឹកចិត្តចូលរួមដ៏ថ្លៃថ្លារបស់ប្រជាជន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំងសប្បុរសជនគ្រប់ទិសទី ដែលបានចូលរួមចែករំលែកធនធាន ទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងអាជ្ញាធរជាតិព្រះវិហារ នាឱកាសនេះ គឺពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ។
អំណោយសប្បុរសធម៌ និងប្រជាជនខេត្តកំពង់ចាម ដែលត្រូវចែកជូនវីរកងទ័ព និងអាជ្ញាធរជាតិព្រះវិហារ នាពេលនេះ រួមមាន៖ អង្ករ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆៃពៅ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ទឹកក្រូច ប្រេងឆា ភួយ មុង សំលៀកបំពាក់ សម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួនទៀតផងដែរ៕ដោយ៖ឡុង សំបូរ






































