សៀមរាប: ជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៥នេះ ដែលដឹកនាំដោយឯកឧត្តម រ័ត្ន មុន្នី អគ្គនាយករង តំណាងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជ
រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ដ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត និង អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន ។
ឯកឧត្ដម រ័ត្ន មុនី្ន បានមានប្រសាសន៍ថា ក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធកម្ពុជា តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្ដទុកដាក់ និង គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលភៀសសឹកមកកាន់តំបន់មានសុវត្ថិភាពដោយនាំយកមក ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ផ្ដល់ជូនដល់បងប្អូនភៀសសឹក ដែលជាតម្រូវការមួយដ៏ចាំបាច់ សម្រាប់ការស្នាក់អាស្រ័យជាបណ្ដោះអាសន្ន ដោយមានឈ្លានពានពីសំណាក់ប្រទេសថៃ។ ក្នុងនាម ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក្នុងក៏ដូចជាក្នុងនាមឯកឧត្ដមផ្ទាល់ ថ្លែងអំណរគុណដល់ ព្រះគ្រូចៅអធិកាវត្ដសំពៅលូន អាជ្ញាធរខេត្ដ សៀមរាប អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន ដែលបានគិតគូ និងយកចិត្ដទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយសម្របសម្រួលកន្លែងស្នាក់នៅ ការប្រើប្រាស់ទឹកបានគ្រប់គ្រាន់ សម្រាប់ការស្នាក់នៅបណ្ដោះអាសន្ននេះ ។
ឯកឧត្តមបានបន្តទៀតថា ការចាកចោលផ្ទះ ភូមិឋានរបស់បងប្អូន បានធ្វើឲ្យបងប្អូនជួបការលំបាក ក្នុងងការស្នាក់នៅ សំខាន់ចំពោះក្មួយៗ ចៅៗ ដែលកំពុងសិក្សារៀនសូត្រ ត្រូវបានអាក់ខាន តែទោះបីយ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប និងបង្កលក្ខណៈងាយស្រួលដល់សិស្សទាំងនោះ បានចូលសិក្សាដូចសិស្សក្នុងស្រុកក្រឡាញ់ នេះផងដែរ ។ ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនភៀសសឹកទាំងអស់ សូមគាំទ្រ និង ជឿជាក់លើវីរកងទ័ពដ៏អង់អាចដែលបាននិងកំពុងប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាពម្ចាស់ការ នៅគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ ជាពិសេសត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយយុទ្ធសាស្ត្រ ហើយដែលបាននិងកំពុងអនុវត្តការងារយ៉ាងសកម្មបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងនោះដែរឯកឧត្តម និង លោកជំទាវ ក៏បានបន្ថែមលើអំណោយដល់គ្រួសារកងទ័ព អ្នកមានផ្ទៃពោះ កូនតូច និងជនពិការ ចំនួន ១៤០នាក់ ក្នុងមួយគ្រួសា ១០ម៉ឺនរៀល និង ភួយមួយ និងផ្តល់ឱសថដល់មណ្ឌលសុខភាពផងដែរ ។
លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ដ មានប្រសាសន៍ថា ការផ្ដល់នូវគ្រឿងសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរបស់អគ្គនាយកដ្ឋានពន្ធ រួមទាំងសប្បុរសជននូវថ្ងៃនេះបានបង្ហាញពីកាយវិការមួយដ៍ល្អថ្លៃថ្លា មានទឹកចិត្ដប្រពៃ ក្នុងការជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនជនភៀសសឹកដែលបានចាកចេញពីលំនៅដ្ឋាននៅក្នុងខេត្ដជាប់ព្រំដែនដោយសារសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីបានឲ្យ ដឹងថា ចាប់ពីថ្ងៃផ្ទុះអាវុធដោយការឈ្លានពានរបស់ប្រទេសថៃ មកដល់ថ្ងៃនេះ ខេត្ដសៀមរាបបានទទួលបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន១៣ម៉ឺន៣ពាន់៣០០នាក់ហើយបានកំពុងចូលមកជាបន្តបន្ទាប់ ។ ក្នុងនោះលោកស្រីក៏បានបញ្ជាក់ជូន ដល់គ្រួសារភៀសសឹកទាំងអស់ ដែលមានកូនកំពុងសិក្សា សូមទៅចូលរៀននៅតាមសាលាគ្រប់កម្រិតសិក្សា ទទួលយកក្មួយៗចូលរៀនទាំងអស់ ។ ម៉្យាងទៀត ចំពោះបងប្អូនភៀសសឹកទាំងអស់ ដែលមានជម្ងឺ ឬសម្រាលកូន សូមអញ្ជើញទៅទទួលសេវាព្យាបាលដោយឥតគឹតថ្លៃនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដោយផ្ជាប់ទៅជាមួយប័ណ្ណភៀសសឹក ។ នេះជាទឹកចិត្ដក្នុងការជួយគ្នាក្នុងគ្រាដ៏លំបាកនេះ គឺជាស្មារតីយ៉ាងធំធេង បង្ហាញពីការរួមសាមគ្គីគ្នា ការចេះចែករំលែក ការចេះជួយគ្នា ដែលបានបង្ហាញពីប្រពៃណី វប្បធម៌របស់ខ្មែរយើងដែលមានតាំងពីដើមមក។
តាមការបញ្ជាក់របស់លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់បានឲ្យដឹងថា នៅទូទាំងស្រុកក្រឡាញ់ មានមណ្ឌលសុវត្ថិភាព ចំនួន១៧កន្លែង មានគ្រួសារភៀសសឹក ស្នាក់នៅចំនួន ៧ពាន់៥៤៩គ្រួសារ មានសមាជិក២ម៉ឺន២ពាន់ ៨៣៤នាក់ ។ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានពន្ធដារ និង សប្បុរសជនទាំងអស់ រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយទំនុកបម្រុងដល់បងប្អូនភៀសសឹករបស់យើងបានទាន់ពេលវេលា៕






































