កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី៣០ ជូនជនមានពិការភាព គ្មានទីពឹង ឈ្មោះ ប៉ូ រី អាយុ ៥១ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស និងផ្ទះ
មនុស្សធម៌ទី៣១ ជូនយុវតីទូរគតឈ្មោះ ចាន់ ស្រីទន់ អាយុ ២៤ឆ្នាំ រស់នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
គួររំលឹកថា ដោយសារជីវភាពក្រខ្សត់ពេក ទាំងគ្រួសារជនមានពិការភាព និងយុវតីកំព្រា ពុំមានលទ្ធភាពក្នុងការសង់ផ្ទះថ្មីស្នាក់នៅបានឡើយ ។
តាមការស្នើសុំពីក្រុមកាកបាទក្រហមសង្កាត់បឹងកុក-សង្កាត់សំបួរមាស អនុសាខាក្រុង រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណក្រុង និងដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២លានរៀល ជាថវិកាបដិភាគ របស់ សាលាគណខេត្ត សាលាអនុគណ ចៅអធិការវត្តទូទាំងក្រុងកំពង់ចាម អនុសាខាស្រុក និងសប្បុរសជន ជូនគ្រួសារជនមានពិការភាព និងយុវតីកំព្រា សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូន សម្រាប់សង្កត់ផ្ទះថ្មីនេះ ក្នុង ១គ្រួសារ ទទួលបាន : អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, សាប៊ូ ១៦ដុំ , សម្ភារដំណេក សម្ភារផ្ទះបាយ និងថវិកា ២០ម៉ឺនរៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕






































