អភិបាលខេត្តកំពង់ធំ ដាស់តឿនអភិបាលស្រុកថ្មី៖ «ត្រូវចុះឱ្យជាប់ជាមួយប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានដាច់ខាត»

0

កំពង់ធំ «ត្រូវធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះត្រូវសុំគោលការណ៍» នេះគឺជាការដាស់តឿនយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកប្រាសាទបល្ល័ង្គនាព្រឹកមិញនេះ។
ជាមួយគ្នានោះ ឯកឧត្តមបានដាក់ចេញនូវវិធានការណ៍ចំនួន ៧ចំណុច ដើម្បីឱ្យអភិបាលស្រុកថ្មីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព។នៅក្នុងពិធីដែលបានរៀបចំឡើងនៅសាលាស្រុកប្រាសាទបល្ល័ង្គ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក គង់ សំអាត ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាអភិបាលស្រុកថ្មី ជំនួសលោក វណ្ណៈ សោភានិត ដែលត្រូវផ្ទេរភារកិច្ចទៅដឹកនាំនៅស្រុកសន្ទុកវិញ។
​មានប្រសាសន៍ទៅកាន់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការផ្លាស់ប្តូរមុខតំណែងនេះ គឺជាការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ដើម្បីបង្កើនភាពធន់ និងសមត្ថភាពមន្ត្រីឱ្យកាន់តែរឹងមាំ។
​ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងវិធីសាស្ត្រដឹកនាំចំនួន ៧ចំណុច រួមមាន៖
១. ត្រូវថែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អជាចម្បង។
២. ពង្រឹងបច្ចេកទេសបម្រើសេវាជូនប្រជាពលរដ្ឋ។
៣. ស្វ័យសិក្សា និងពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ។
៤. ត្រូវចុះមូលដ្ឋានឱ្យជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខពិតប្រាកដ។
៥. ធានាសន្តិសុខសណ្តាប់ធ្នាប់ តាមរយៈគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
៦. ជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋក្នុងមូលដ្ឋាន។
៧. និងត្រូវតាមដានសភាពការណ៍ព្រំដែនឱ្យជាប់ ព្រមទាំងយកចិត្តទុកដាក់លើគ្រួសារកងទ័ព។
​ជាការឆ្លើយតប លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្គដែលទើបតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងគោរពតាមច្បាប់ និងឋានានុក្រម ព្រមទាំងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងនាំមកនូវសមិទ្ធផលថ្មីៗជូនមូលដ្ឋានស្រុកប្រាសាទបល្ល័ង្គឱ្យកាន់តែរីកចម្រើនទ្វេឡើង៕

ដោយ​ប៊ុន រដ្ឋា