សៀមរាប. ៖ អំណោយជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ ចំនួន ៤៩តោន របស់មូលនិធិកូនខ្មែរដើមី្បខ្មែរ ផ្តល់តាមរយៈឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ
ដឹកនាំក្រុមអចិន្ត្រៃយ៍ សម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព នាំមកប្រគល់ជូនជូនរដ្ឋបាល ខេត្ត សៀមរាប ចំនួន១៩តោន និង ខេត្តបន្ទាយមានជ័យ ចំនួន៣០តោន កាលពីព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៥ នៅសាលា ខេត្តសៀមរាប ក្រោមការទទួលរបស់លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ។
ក្នុងការថ្លែងអំណរគុណនោះដែរ លោក សំកុល សុចិត្រា ក៏បានជម្រាបជូនដល់គណៈប្រតិភូរបស់ក្រសួង បានឲ្យដឹង អំពីកំណើននៃបងប្អូនភៀសសឹក បានមកស្នាក់នៅជាបណ្តោះអាសន្នក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន ៤៧ពាន់ ២២២គ្រួសារ មានសមាជិក ១៤៧ពាន់១៥៩នាក់ ដែលមានមណ្ឌលសុវត្ថិភាព សរុប ១១០កន្លែង ត្រូវបានទទួលការផ្គត់ផ្គង់ជីវិភាព ពីរដ្ឋបាលខេត្តសៀមរាប និង បងប្អូនសប្បុរសជន ។
លោកក៏បានបញ្ជាក់ផងដែរថា ក្នុងការ អនុវត្តនូវការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត បានដាក់ឲ្យគ្រប់ក្រុង ស្រុក រៀបចំធ្វើសួនដំណាំ នៅតាមមណ្ឌលសុវត្ថិភាព ជូនបងប្អូនភៀសសឹក បានធ្វើការដាំដុះនូវបន្លែបង្កា ដើមី្បផ្គត់ផ្គង់ជីវភាពរបស់ខ្លួនទៅពេលខាងមុខ ហើយក៏មានគម្រោងផ្លាស់ប្តូរជីវិតតាមរយៈអាហារូបត្ថម្ភ បានផ្តល់នូវសម្ភារៈកសិកម្ម និងគ្រប់ពូជបន្លែ គ្រប់បណ្តា មណ្ឌលសុវត្ថិភាព ក្រុង ស្រុក ។
ម៉្យាងទៀតរាល់អំណោយទាំងនេះ ត្រូវបានក្រុមការងាររដ្ឋបាលខេត្ត ធ្វើការបែង ចែកផ្តល់ជូនដល់វីរកងទ័ពជួរមុខ និង ចែកជូនដល់គ្រួសារកងទ័ព ,បងប្អូនភៀសសឹកជាបន្តបន្ទាប់ ។ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប សូមថ្លែងអំណរគុណដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង មូលនិធិកូនខ្មែរដើមី្បខ្មែរ រួមទាំងសប្បុរសជនជាតិ អន្តរជាតិផងដែរ ។
តាមការបញ្ជាក់របស់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់ពីការផ្ទុះអាវុធ ដោយ ការឈ្លានពានរបស់ប្រទេសថៃមក ដល់ពេលនេះ មានបងប្អូនគ្រួសារកងទ័ព និង ប្រជាពលរដ្ឋភៀសសឹក បានមកស្នាក់ នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាព និង តាមផ្ទះបងប្អូន មានប្រមាណជាង២ម៉ឺនគ្រួសារ ។
មានប្រសាសន៍នោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានពាំនាំនូវការផ្តាំផ្ញើពីសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ និង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ រួមទាំងថ្នាក់ដឹកនាំ តែងតែមានការនឹកគឹតដល់ពីសុខទុក្ខលំបាករបស់បងប្អូនវីរកងទ័ពជួរមុខ គ្រួសារកងទ័ព និង ប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលបានរងគ្រោះដោយសង្គ្រាមឈ្លានពានរបស់ទាហានថៃ ។
ឯកឧត្តមក៏បានបញ្ជាក់ថា អំណោយមូលនិធិ កូនខ្មែរដើមី្បខ្មែរ ពិតជាផលិតផលរបស់កូនខ្មែរយើងពិតៗ ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិរបស់ខ្លួន ។ ឯកឧត្តមមានការជឿជាក់ផងដែរថា អំណោយទាំងនេះ នឹងទៅដល់ដៃរបស់បងប្អូនវីរកងទ័ពជួរមុខ ដែលផ្តល់តាមរយៈរដ្ឋបាលខេត្ត ទាំងពីរ រួមទាំងបងប្អូនភៀសសឹក ដែលបានកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនៃខេត្តទាំងពីរ ។
ឯកឧត្តមក៏បាន ណែនាំដល់រដ្ឋបាលខេត្តទាំងពីរ សូមបង្កនូវភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកយើង និង សូមឲ្យបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕




































