សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបូជាកម្រងផ្កា អុជធូប និងទៀន បួសសួងសុំឲ្យប្រទេសកម្ពុជា ក៏ដូចពលរដ្ឋខេត្តស្ទឹងត្រែង ទទួលបាននូវសេចក្តីសុខគ្រប់ប្រការ

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងរងនូវការឈ្លានពានវាយប្រហារតាមផ្លូវអាកាស តាមផ្លូវទឹក និងតាមផ្លូវគោកទាំងកំរោល រំលោភមកលើដែនអធិបតេយ្យភាពកម្ពុជា ពីសំណាក់ទាហានសៀម និងរដ្ឋាភិបាលក្រុងបាកកនោះ នារសៀលថ្ងៃទី២៣ធ្នូម្សិលមិញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា រួមនឹងប្រតិភូជាន់ខ្ពស់កម្ពុជា និងដោយមានការចូលរួមពី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា រួមទាំងមន្ត្រីខេត្ត ក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋមូលដ្ឋាន បានអញ្ជើញបូជាធូប ទៀន និងផ្កា នៅទីសក្ការៈបូជា នៃប្រាសាទព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ពិធីថ្វាយទៀន ធូប និងផ្កា នាពេលនោះ ក្នុងគោលបំណង ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ជូនដល់ប្រទេសជាតិ ប្រមុខដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជា ក៏ដូចថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ផងដែង ។
នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យ សិរីមង្គល ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ក្នុងសិរីភាព និងសេចក្តីថ្លៃថ្នូរ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងតាមជួយប្រោសព្រំពរជ័យ ដល់វីរៈកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដី ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសកសាងប្រាសាទ វីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងការពារបូរភាពទឹកដីកម្ពុជា និងសូមមានសុខសន្តិភាពជានិច្ចនិរន្តរ៍ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ក្រុមគ្រួសារ នៃប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប៕