ប្រតិភូក្រសួងការពារជាតិ និង ប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរៈកងទ័ពកម្ពុជា

0

សៀមរាប: គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈជូនសពលោកអនុសេនីយ៍ត្រី មើ ឌិន និង លោកអនុសេនីយ៍ឯក យឹម វៃ ព្រមទាំងប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ លោក លី សារី អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ត្រី មើ ឌិន និង លោកអនុសេនីយ៍ឯក យឹម វៃ ដែលបានពលីនៅសមរភូមិទិសព្រះវិហារ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដោយបាននាំយកនូវថវិកាគោលនយោបាយក្រសួងការពារជាតិ ផ្តល់ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និង បែបពិធីការកងទ័ពផងដែរ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ។
មានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រួសារនៃសពលោកអនុសេនីយ៍ត្រី មើ ឌិន និង លោកអនុសេនីយ៍ឯក យឹម វៃ ឯកឧត្ត្តមឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និង លោក លី សារី អភិបាលរងខេត្ត បានសម្តែងនូវសមាណចិត្តសោកស្តាយយ៉ាងក្រៃលែង និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពទាំងពី ចំពោះការបាត់បង់វីរយុទ្ធជនដ៏ឆ្នើម នៃកងយោធពលខេមរភូមិន្ទ កន្លងមកបានបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានឧទ្ទិសបួងសួងដល់ព្រលឹងវិញ្ញាណក្ខ័ន្តសព លោកអនុសេនីយ៍ត្រី មើ ឌិន និង លោកអនុសេនីយ៍ឯក យឹម វៃ សូមបានទៅកាន់ឋានបរម្យសុខកុំបីអាក់ខានឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បាននាំយកថវិកាគោលនយោបាយក្រសួងការពារជាតិ និង ថវិកាក្រសួងការពារជាតិ ផ្តល់ជូនដល់គ្រួសារសពទាំងពីរ ព្រមទាំងបានធ្វើការពន្យល់ណែនាំដល់ក្រុមគ្រួសារ អំពីគោលរបបក្នុងការឧបត្ថម្ភដល់ក្រុមគ្រួសារសពប្រចាំខែ និង បានជម្រុញដល់ក្មួយៗឲ្យខិតខំរៀនសូត្រ ហើយក្រសួងការពារជាតិ ក៏មិនទុកក្រុមគ្រួសារវីរៈកងទ័ពពលីនៅឯកោរនោះដែរ ។
មានប្រសាសន៍នោះដែរ លោក លី សារី អភិបាលរងខេត្ត ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះក្រុមគ្រួសារសពទាំងពីរ ក្នុងការបាត់បង់សមាជិកក្នុងគ្រួសារ តែការបាត់បង់របស់វីរៈកងទ័ពយើងទាំងពីរនេះ គឺពលីដោយកិត្តិយស ថ្លៃថ្នូរដែលប្រទេសជាតិបានចារិកទុកជាប្រវត្តិសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយ ។ ម៉្យាងទៀត ប្រមុខរាជរដ្ឋាភិបាលយើង មិនបានទុកឲ្យក្រុមគ្រួសារវីរៈកងទ័ព ដែលបានពលីនៅក្នុងសមរភូមិ ឲ្យនៅឯកោរនោះឡើយ គឺអាជ្ញាធរគ្រប់ជាន់ថ្នាក់ នឹងយកចិត្តទុកដាក់ នូវទុក្ខលំបាករបស់បងប្អូនទំនុកបម្រុង សំខាន់ចំពោះកូនៗកំពុងសិក្សារៀនសូត្រ ។
ក្នុងនោះដែរគ្រប់បណ្តាអង្គភាព ក៏បាននាំយកនូវ លិខិតរំលែកទុក្ខ និង ថវិកា ជូនដល់ក្រុមគ្រួសារនៃសពទាំងពីរ ដើមី្បយកទៅប្រើប្រាស់ក្នុងពិធីបុណ្យសព ទៅតាមប្រពៃណីសាសនាផងដែរ ៕