លោកជំទាវ ឃួន ឃុនឌី សួរសុខទុក្ខដល់វីរកងទ័ពចំនួន៧២នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

0

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ អមដំណើរដោយលោកជំទាវ យស ថានារី សមាជិករដ្ឋសភា7និងលោកស្រីជាសមាជិកសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំព្រមទាំងសប្បុរសជនជាច្រើនរូបបានចុះសួរសុខទុក្ខដល់វីរកងទ័ពចំនួន៧២នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

ក្នុងឱកាសនោះលោកជំទាវបានសម្តែងនូវក្តីសោកស្តាយចំពោះបងប្អូនវីរកងទ័ពដែលបានរងរបួស ហើយក៏សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនវីរកងទ័ព ដែលបានលះបង់ អាយុជីវិតដើម្បីជាតិមាតុភូមិ និងប្រជាជន និងសូមជូនពរឱ្យបងប្អូនវីរកងទ័ព ឆាប់បានជាសះស្បើយឡើង

លោកជំទាវបានថ្លែងក្រើនរំលឹកដល់បងប្អូនវីរៈកងទ័ពត្រូវយកចិត្តទុកដាក់ចូលរួមរក្សាអនាម័យ ថែទាំសុខភាព ដើម្បីបង្ការជំងឺនានា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានភាពនឹងនរ និងកក់ក្តៅក្នុងចិត្ត ព្រោះថារាជរដ្ឋាភិបាល និងសប្បុសរជនទាំងអស់ នឹងនៅរួមសុខ រួមទុក្ខជាប់ជានិច្ច ដោយមិនបោះបង់បងប្អូនចោលឡើយ ពិសេសត្រូវមានការអត់ធ្មត់ និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយទាំងផ្លូវការទូត ផ្លូវច្បាប់ និងយោធា ដើម្បីការពារអាយុជីវិតប្រជាជន បូរណភាពទឹកដី និងឈានទៅបញ្ចប់សង្រ្គាម នាំយកសុខសន្តិភាព នាពេលខាងមុខនេះ ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន ភូមិ ស្រុក រៀងៗខ្លួនវិញ។

ជាមួយគ្នានេះដែរលោកជំទាវ ឃួន ឃុនឌី បាននាំយករឿងឧបភោគបរិភោគមួយចំនួនទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីយកទៅផ្គត់ផ្គង់ជីវភាពរស់នៅរបស់វីរៈកងទ័ពជួរមុខ។

ជាមួយគ្នានេះឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ ឃួន ឃុនឌី រួមទាំងសប្បុរសជនសូមមានសេចក្តីសុខ មានសុខភាពល្អនិងគាំទ្រដល់រាជរដ្ឋាភិបាលដើម្បីប្រទេសជាតិមានការអភិវឌ្ឍបន្ថែមទៀត។ អត្ថបទដោយ សូរហ៊ាន សំអាង