ខេត្តស្ទឹងត្រែង៖ សមិទ្ធផលនានា ផ្លូវ របងដែកព័ទ្ធបរិវេណសាលា ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ដំបូលការពារកម្តៅថ្ងៃ កៅអីអង្គុយរង់ចាំ បង្គោលភ្លើងបំភ្លឺសាធារណៈ ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងទីលានខ្សាច់សម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សា ដែលមានតម្លៃជាសារវ័ន្ត ត្រូវបានធ្វើពិធីប្រគល់-ទទួល និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៨ធ្នូ២០២៥ ក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោក លី ម៉ុនស៊ីន ប្រធានក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះផងដែរ។ ពិធីនោះបានធ្វើឡើងនៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនោះ រួមមាន៖ ផ្លូវបេតុងប្រវែង ១០៦ម៉ែត្រ ទទឹង ៤,៤ម៉ែត្រ, របងដែកច្នៃព័ទ្ធបរិវេណសាលា ប្រវែង៥៨០ម៉ែត្រ, ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ កម្លាំង២២គីឡូវ៉ាត់ និងដំបូលការពារកម្តៅថ្ងៃ ទំហំ៦០ម៉ែត្រការ៉េ បំពាក់ដោយកៅអីអង្គុយរង់ចាំ, ដំឡើងបង្គោលភ្លើងបំភ្លឺសាធារណៈ ដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន១១ដើម និងទីលានខ្សាច់សម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សា ទំហំ២០០ម៉ែត្រការ៉េ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញឱ្យក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ គិតពីជំហានបន្ត នៃការអភិវឌ្ឍសមិទ្ធផលថ្មីៗសម្រាប់ឆ្នាំ២០២៦ សម្រាប់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ នៅជុំវិញគម្រោងរបស់ក្រុមហ៊ុនបន្ថែមទៀត ។ លោកថា គ្រប់សមិទ្ធផលនានា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ពិតជាបានបង្ហាញពីភាពរីកចម្រើនថ្មីមួយទៀត ស្ថិតនៅក្នុងវិស័យអប់រំរបស់យើង ដែលទទួលបានការជួយគាំទ្រ ពីក្រុមហ៊ុនវារីសេសានក្រោម២ ជាពិសេសនៅទីនេះមានអគ្គនាយកក្រុមហ៊ុន សូមមេត្តាបន្តការងារមនុស្សធម៌ សម្រាប់មូលដ្ឋានខេត្តស្ទឹងត្រែង ហើយក៏សូមបន្តគិតគូបន្ថែមទៀត ចំពោះសមិទ្ធផល នៅតាមសាលារៀនមូលដ្ឋានឃុំរបស់យើងនៅជុំវិញនេះ រួមជាមួយនឹងការដោះស្រាយ នូវសំណូមពរ ដែលជាធាតុចូលចាំបាច់របស់ប្រជាជន ដែលរស់នៅជុំវិញក្រុមហ៊ុនរបស់យើង ដែលបានលើកឡើងក្នុងវេទិកាសាធារណៈកន្លងមក ធ្វើយ៉ាងណាឱ្យមានសុខដុមរមនីយកម្ម ក្នុងការរស់នៅជាមួយគ្នា ក្នុងការប្រកបរបរទទួលទាន ការប្រាស្រ័យទាក់ទងគ្នារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ប្រធានក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ លោក លី ម៉ុនស៊ីន បានបញ្ជាក់ថា៖ ក្រុមហ៊ុននៅតែគិតគូបន្តទៀត និងធ្វើកិច្ចសហការយ៉ាងស្អិតរមួត ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយលះបង់ពិតប្រាកដ ពីក្រុមការងារសាងសង់វារីអគ្គិសនីសេសានក្រោម២ ដើម្បីធ្វើការអភិវឌ្ឍនូវសមិទ្ធផលនានា ទៅតាមតម្រូវការក្នុងឆ្នាំ២០២៦ ។
នាយកសាលាបឋមសិក្សាស្រែគរ លោក ចាន ថុង បានប្រកាសគាំទ្ររាល់ការប្តេជ្ញាចិត្តនេះ ហើយលោកគ្រូ អ្នកគ្រូ នឹងរួមគ្នាថែរក្សាទ្រព្យសម្បត្តិទាំងអស់នេះ ឲ្យដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីប្រើប្រាស់បានអង្វែងតរៀងទៅ៕ដោយ៖ឡុង សំបូរ






































