ខេត្តបលិន – នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃក្តីរំភើប និងការជួបជុំ បន្ទាប់ពីវីរជនកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវបានភាគីថៃសម្រេចដោះលែង និងប្រគល់ជូនមកអាជ្ញាធរកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ ខេត្តប៉ៃលិន ក្រោយពីត្រូវបានឃាត់ខ្លួនអស់រយៈពេលយ៉ាងយូរ
ការរង់ចាំអស់រយៈពេល ១៥៥ ថ្ងៃ។
វីរជនកងទ័ពទាំង ១៨ រូប ត្រូវបានភាគីថៃឃាត់ខ្លួនទុកអស់រយៈពេល ១៥៥ ថ្ងៃ កន្លងមក។ ការដោះលែងនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀង “បទឈប់បាញ់” និងតាមរយៈកិច្ចចរចាកម្រិតការទូតយ៉ាងស្វិតស្វាញរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែន។
បរិយាកាសនៃការទទួលស្វាគមន៍។
នៅព្រឹកមិញនេះ គេសង្កេតឃើញមានវត្តមានថ្នាក់ដឹកនាំកងទ័ពជាន់ខ្ពស់ អាជ្ញាធរដែនដី និងក្រុមគ្រួសារសាច់ញាតិរបស់វីរជនទាំង ១៨ រូប បានមកខ្ទាំរង់ចាំទទួលយ៉ាងច្រើនកុះករ ក្នុងទឹកមុខញញឹមពព្រាយ និងក្តីរំភើបឥតឧបមា។
”នេះគឺជាកាដូឆ្នាំថ្មីដ៏មានតម្លៃបំផុតសម្រាប់ក្រុមគ្រួសារយើងខ្ញុំ ការវិលត្រឡប់របស់ពួកគាត់ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខរបស់កងទ័ព នេះបើតាមសម្តីរបស់សាច់ញាតិវីរជនម្នាក់ បានបញ្ជេញសេចក្តីរំភើប អប់អរសាទរ ចំពោះវីរៈជន ដ៏អង់អាចក្លាហាន ។
ស្ថានភាពសុខភាព និងការបន្តនីតិវិធីតាមការពិនិត្យបឋម វីរជនកងទ័ពទាំង ១៨ រូប មានស្ថានភាពសុខភាពល្អប្រសើរជាធម្មតា។ បន្ទាប់ពីពិធីទទួលជាផ្លូវការ ពួកគាត់នឹងត្រូវបញ្ជូនទៅសម្រាក និងពិនិត្យសុខភាពបន្ថែម នៅមន្ទីរពេទ្យយោធភូមិភាគ មុននឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅជួបជុំគ្រួសារនៅតាមលំនៅឋានរៀងៗខ្លួន។
ការដោះលែងនេះ មិនត្រឹមតែជាការបញ្ចប់ការរង់ចាំដ៏យូរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាវិជ្ជមាននៃការពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំឡើងវិញ ក្រោយការអនុវត្តបទឈប់បាញ់ជាផ្លូវការ៕


































