ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកផែនការទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើងថែមទៀត ។ អង្គសន្និបាតនឹងធ្វើឡើងក្នុងរយៈពេល២ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី៣០ធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង។
អង្គសន្និបាតបានធ្វើឡើងក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី គណៈអភិបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មេភូមិ មេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ការបើកសន្និបាតនេះឡើង ត្រូវគេមើលឃើញថា មានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្តស្ទឹងត្រែង សម្រេចបានក្នុងឆ្នាំ២០២៥កន្លងមក ,ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយនានា ,ដាក់ចេញនូវទិសដៅអាទិភាព និងផែនការបន្តសម្រាប់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ,ពង្រឹងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធានាការអភិវឌ្ឍខេត្តប្រកបដោយចីរភាព។
នាឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានមានប្រសាសន៍ ណែនាំដល់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ឱ្យបន្តពង្រឹងនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ច ការសម្របសម្រួលការងារ ប្រកបដោយភាពស្និទ្ធស្នាលបំផុត ជាពិសេសត្រូវផ្តោតសំខាន់លើការងារអាទិភាព ក្នុងការលើកកម្ពស់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
អង្គសន្និបាតក៏បានផ្តល់ឱកាសដល់មន្ទីរ អង្គភាពពាក់ព័ន្ធនីមួយៗ ដែលចំណុះរដ្ឋបាលខេត្តស្ទឹងត្រែង ឡើងធ្វើបទបង្ហាញពីសកម្មភាព និងរបាយការណ៍លំអិត ស្តីពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ បញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត និងបានលើកនូវផែនការយុទ្ធសាស្ត្រ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
អង្គសន្និបាតទាំងមូលក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្តតួនាទី ភារកិច្ច ឱ្យសម្រេចតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ការរីកលូតលាស់របស់ខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕ដោយ៖ឡុង សំបូរ







































