សៀមរាប: នៅព្រឹកថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៥នេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំសប្បុរសជន មកពីសហរដ្ឋអាមេរិក ចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ១៥០គ្រួសារ កំពុងស្នាក់ នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដោយ
បានចែកជូន មួយគ្រួសារ ៥ម៉ឺនរៀល និង សិស្សម្នាក់ៗ ៥ពាន់រៀល និងប្រគេនបច្ច័យដល់ចៅអធិការវត្តផងដែរ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក លី វណ្ណៈ តំណាងឲ្យបងប្អូនសប្បុរសជន បានសម្តែងនូវក្តីអាណិតអាសូរពន់ពេក ដែលត្រូវឃ្លាតឆ្ងាយពីផ្ទះសំបែង ដោយសារការឈ្លានពានរបស់កងទ័ពចោរសៀមមកលើដែនអធិបតេយ្យភាពកម្ពុជា។ លោកបានមានប្រសាសន៍ លើកទឹកចិត្តនិងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយភាពឈ្លៀសវៃ ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសូមគាំទ្រ ចំពោះយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ។
ជាការពិតណាស់ សកម្មភាពមនុស្សធម៌នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់សប្បុរសជនទាំងអស់ ដែលបានរួមជាកម្លាំងមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ដើម្បីឈរនៅពីក្រោយវីរកងទ័ពគ្រប់រូប ដែលកំពុងឈរជើង បំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ។ លោក លី វណ្ណៈ ក៏បានសម្តែងនូវការសាទរ ចំពោះការដោះលែងវីរៈកងទ័ពទាំង១៨នាក់ ក្នុងថ្ងៃនេះផងដែរ ។ លោកក៏បានណែនាំដល់គណៈគ្រប់គ្រងមណ្ឌល ឲ្យយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខ សុវត្ថិភាព សុខភាព អនាម័យ បរិស្ថានឲ្យបានល្អ ។ ម៉្យាងទៀតបងប្អូនដែលឃ្លាតចាក់ឆ្ងាយពីផ្ទះសម្បែង ដែលចង់វិលត្រឡប់ទៅវិញនោះនៅពេលមាន ភាពស្ងប់ស្ងាត់ការប្រយុទ្ធគ្នាក៏ពិតមែន តែពេលនេះអាជ្ញាធរនៅក្នុងមូលដ្ឋានរបស់បងប្អូន មិនទាន់អនុញ្ញាតឲ្យចូលទៅក្នុង ភូមិឋានខ្លួនឡើយ ពីព្រោះខ្លាចមានគ្រោះថ្នាក់ ដោយយុទ្ធភ័ន្តមិនទាន់ផ្ទុះ ដែលសេសសល់ ។
ក្នុងនោះផងដែរព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីកាថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ហើយពិតជាមានក្ដីកង្វល់ និងការអាណិតអាសូរជាពន់ពេក ចំពោះបងប្អូនទាំងអស់គ្នាដែលបានរងផលប៉ះពាល់ និងត្រូវបង្ខំចិត្តផ្លាស់ទីលំនៅដោយសារស្ថានភាពសឹកសង្រ្គាម ។ ព្រះអង្គបានបញ្ជាក់ថា ចាប់ពីពេលមានការផ្ទុះអាវុធដោយការឈ្លានពានរបស់សត្រូវ ញាតញោមភៀសសឹកមកស្នាក់នៅក្នុងទីវត្តប្រាសាទគោកចក មានចំនួន ២២០គ្រួសារ មកពីខេត្តឧត្តរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ ហើយព្រះអង្គបានផ្ដល់ការឧបត្ថម្ភជាស្បៀងអាហារ ទឹកស្អាត និងការថែទាំ ។ មកដល់ថ្ងៃនេះញាតិញោមភៀសសឹកមួយចំនួនបានវិលទៅលំនៅឋានវិញហើយ នៅសល់តែ ១៥០គ្រួសារ បានកំពុងស្នាក់នៅបន្ត ដោយញាតិញោមមួយចំនួន ត្រូវបានពួកសត្រូវដុតបំផ្លាញផ្ទះអស់ទៀតផង ។ ម៉្យាង ទៀត តាមការផ្ដួចផ្ដើម និង បំផុសចលនារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែជម្រុញឲ្យមានការដាំដុះបន្លែតាមផ្ទះ ព្រះអង្គរបានដឹកនាំបងប្អូនភៀសសឹក ធ្វើសួនបន្លែង ដើមី្បផ្គត់ផ្គង់ជីវភាពបងប្អូន ៕




































