កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យមានការ ចូលរួមពីគ្រប់ភាគី ដើម្បីធានាភូមិឃុំ សង្កាត់គ្មានគ្រឿងញៀន គ្មានក្មេងទំនើង និងមានសុវត្ថិភាព ធ្វើយ៉ាងណាឱ្យការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មានភាពសុខដុមរមនា ថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសចូលឆ្នាំសកល២០២៦ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញការលើកកម្ពស់ ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អក្នុងឆ្នាំកន្លងទៅ ។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវជំរុញការលើកទឹកចិត្ត ឱ្យមន្ត្រីក្រោមឱវាទ ដើម្បីឱ្យពួកគេមានចិត្តស្រឡាញ់ការងារ និងខិតខំបំពេញភារកិច្ចប្រកបដោយ ប្រសិទ្ធភាព និងកាន់តែរីកចម្រើន តាមរយៈការផ្តល់រង្វាន់ លើកសរសើរ ភាពជាអ្នកដឹកនាំគំរូ ភាព ស្មោះត្រង់ ការចែករំលែកចំណេះដឹង និងការបង្កើតបរិយាកាសការងារល្អ តាមរយៈការជួប សំណេះសំណាលក្នុងឱកាសប្រារព្ធពិធីបុណ្យផ្សេងៗ ក៏ដូចជាក្នុងឱកាសចូលឆ្នាំសកល២០២៦នេះ ដែរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នេះជាការជួបជុំគ្នា ដើម្បីសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង ធ្វើការងារយ៉ាងសកម្ម របស់មន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ រហូតសម្រេចបានសមិទ្ធផលជាច្រើន ក្នុងខេត្តរយៈពេលមួយឆ្នាំកន្លងទៅនេះ ហើយក៏បានឧបត្ថម្ភនូវសម្ភារ និងថវិកាមួយចំនួន ជូនបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ ដើម្បីប្រើប្រាស់ទៅតាមតម្រូវការផងដែរ ៕




































