កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤

0

សៀមរាប: ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម តោ គឹមស៊ាន ប្រធានស្តីទីក្រុមប្រឹក្សា ខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោកលោកស្រីជានាយករងរដ្ឋបាលសាលាខេត្ត នាយកទី ចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការខេត្ត មេបញ្ជាអាវុធហត្ថខេត្ត ,តំបន់ប្រតិបត្តិការសឹករងសៀមរាប និង លោក លោកសី្រជាអភិបាល អភិបាលរងក្រុង ស្រុកផងដែរ នាព្រឹកថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២៦នេះ។
ឆ្លងតាមកិច្ចពិភាក្សា នៃរបៀបវារៈដែលបានគ្រោងទុក កិច្ចប្រជុំបានដំណើរការទៅដោយរលូន ព្រមទាំងបាន ផ្តោតទៅលើបញ្ហាមួយចំនួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ , បញ្ហាការកកស្ទះចរាចរណ៍ក្នុងក្រុង តាមដងវិថីមួយចំនួន បញ្ហាបរិស្ថាន (ខ្វះការគ្រប់គ្រងសម្រាមនៅតាមដងផ្លូវសាធារណៈ) និង ការដឹកជញ្ជូនថ្មលើសទំនង់ ធ្វើឲ្យខ្សែផ្លូវនៅតាមជនបទរងការខូចខាតធ្ងន់ធ្ងរ ព្រមទាំងផ្តោតសំខាន់លើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបញ្ហាអំពើហិង្សាលើស្ត្រី និង កុមារ និងរំលោភផ្លូវភេទលើកុមារ ។ ក្នុងនោះក៏ត្រូវបានធ្វើការបកស្រាយបំភ្លឺពីលោកស្នងការ និង រដ្ឋបាលស្រុកផងដែរ ។
មានប្រសាសន៍នោះដែរលោក ឌី រ៉ាដូ ក៏បានធ្វើការជម្រុញដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និង រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការគ្រប់គ្រង និង អនុវត្តឲ្យខាងតែបាន នូវរាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០នេះ ។ ម៉្យាងទៀត ដោយខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត គ្រប់ស្ថាប័នទាំងអស់ត្រូវរួមគ្នា លើការងារបរិស្ថាន អនាម័យក្នុងក្រុង ស្រុក ដើមី្បលើកនូវសោភ័ណ្ឌភាពខេត្តប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់ទាក់ទាញភ្ញៀវចូលមកកម្សាន្ត ។ ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក អំពី ការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសុខភាព និង ការគ្រប់គ្រងបងប្អូនភៀសសឹក ទាំងការផ្គត់ផ្គង់ជីវភាពដល់ពួកគាត់ដែលកំពុងស្នាក់នៅតាមមណ្ឌល ដែលពួកគាត់មិនអាចវិលទៅកាន់ភូមិស្រុកវិញបាន ដោយតំបន់ភូមិឋានមួយចំនួន រងនូវយុទ្ធភ័ន្តមិនទាន់ផ្ទុះ សំខាន់គ្រាប់បែកចង្កោម ដែលជាឃាតករដ៏ឃោរឃៅមកលើប្រជាពលរដ្ឋខ្មែរយើង ។
មានប្រសាសន៍នោះដែរ ឯកឧត្តម តោ គឹមស៊ាន បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបាន ក្នុងឆ្នាំ២០២៥ ព្រមទាំងសូមឲ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន និង ពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅតាមក្រុមនិមួយៗ របស់ក្រុមប្រឹក្សាខេត្ត រាល់សកម្មភាពរបស់ខ្លួន ត្រូវធ្វើការពិនិត្យ ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើមី្បជាគោលដៅសម្រាប់ក្នុងការអនុវត្តឆ្នាំបន្ត ។ ម៉្យាងទៀត ចំពោះរាល់បញ្ហាដែលសមាជិកសមាជិកាបានលើកក្នុងកិច្ចប្រជុំនេះ ត្រូវសាមីអង្គភាព និង រដ្ឋបាលក្រុង ស្រុក បានធ្វើការបកស្រាយបំភ្លឺ ជូន រួចរាល់ផងដែរ ។ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុង ដើមី្បបំបាត់នូវភាព អណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ដែលតែងតែបង្កគ្រោះថ្នាក់ និង កកស្ទះចរាចរណ៍ ក្នុងក្រុង មិនថាថ្ងៃបុណ្យ ឬមិនបុណ្យនោះឡើយ ។ ម៉្យាងទៀត ចំពោះបញ្ហា គ្រឿងញៀន និង បារីអេឡិចត្រូនិច និងក្មេងទំនើង ដែលជាប្រធានបទដ៏ក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឲ្យខាងតែបាន ។ ក្នុងករណីនេះគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក៏បានដាក់នូវវិធានការដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តឲ្យខាងតែបាន ដោយគ្មានបុគ្គល ណាម្នាក់មកធានាជនល្មើសនោះឡើយ ។ ឯកឧត្តមប្រធានស្តីទី ក៏បានបញ្ជាក់ផងដែរថា ដោយប្រទេសយើងជួបនូវបញ្ហាសង្គ្រាមឈ្លានពានពីប្រទេសថៃ ហើយក៏មានបងប្អូនប្រជាពលរដ្ឋភៀសសឹក មកស្នាក់នៅបណ្តោះអាសន្ន តាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប រដ្ឋបាលក្រុង ស្រុកទាំងអស់បង្កើនការយកចិត្តទុកដាក់ និងត្រួតពិនិត្យ នូវរាល់មុខសញ្ញាពាក់ព័ន្ធមួយចំនួន ដែលបង្កអសន្តិសុខដល់សង្គមជាតិ និង មុខសញ្ញាជួញដូរ គ្រឿងញៀន ដែលបាន បង្កប់នូវក្នុងជួរបងប្អូនភៀសសឹក ។ ម៉្យាងទៀក៏ត្រូវធានាឲ្យបាន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ សុខភាព ជូនបងប្អូននៅតាមមណ្ឌលសុវត្ថិភាពផងដែរ ៕