រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ រាត្រីវប្បធម៌ «ស្ទឹងត្រែង បេះដូងនៃវប្បធម៌» ដើម្បីអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា និងខួបរំដោះខេត្តស្ទឹងត្រែង ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត !

0

ខេត្តស្ទឹងត្រែង៖ ព្រឹត្តិការណ៍ រាត្រីវប្បធម៌ «ស្ទឹងត្រែង បេះដូងនៃវប្បធម៌» នឹងត្រូវរៀបចំធ្វើឡើង ដោយរដ្ឋបាលខេត្តស្ទឹងត្រែង នាវេលាម៉ោង ៥ល្ងាច ថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា និងខួបរំដោះខេត្តស្ទឹងត្រែង (៤ មករា ១៩៧៩–៤ មករា ២០២៦) ដែលជាព្រឹត្តការណ៍ដ៏មានអត្ថន័យសំខាន់ក្នុងប្រវត្តិសាស្ត្រជាតិ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមិនធ្លាប់មានពីមុនមកនោះ ធ្វើប្រារព្ធធ្វើឡើងនៅវេទិកានាគជ័យ នៃទីលានតេជោ-ធិបតី ខាងមុខសាលាខេត្តស្ទឹងត្រែង ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវគេដឹងថា បានផ្តួចផ្តើមឡើងដោយ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ក្នុងស្មារតីរំលឹកដឹងគុណ និងការលើកស្ទួយតម្លៃវប្បធម៌ជាតិ និងក្នុងគោលបំណងសំខាន់មួយទៀត គឺការរំលឹកដល់ការចងចាំ និងគោរពដល់គុណតម្លៃ នៃការលះបង់របស់ថ្នាក់ដឹកនាំ យុទ្ធជន និងយុទ្ធនារី ដែលបានប្រយុទ្ធ ដើម្បីរំដោះជាតិពីរបប ប៉ុល ពត ដ៏សាហាវយង់ឃ្នង ។

យោងតាមលិខិតរដ្ឋបាលខេត្តស្ទឹងត្រែង បានសរសេរបង្ហាញឲ្យដឹងថា កម្មវិធីសិល្បៈដ៏អស្ចារ្យនេះ រដ្ឋបាលខេត្ត នឹងផ្តល់ឱកាសដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ និងយុវជន ទស្សនាដោយផ្ទាល់ នូវទស្សនីយភាពសិល្បៈ វប្បធម៌ជាតិរបស់យើង រួមមាន៖ «ទម្រង់របាំបុរាណខ្មែរ ,ល្ខោនខោល ដែលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ការប្រគំឧបករណ៍ភ្លេងបុរាណ ខ្មែរ បង្ហាញពីមរតកតន្ត្រីដ៏ចំណាស់ ការច្រៀងចម្រៀងកងទ័ព ដើម្បីរំលឹក និងគោរពដឹងគុណចំពោះវីរភាពយុទ្ធជនជួរមុខ»។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានលើកឡើងថា ការបង្កើតឲ្យមានព្រឹត្តិការណ៍ “រាត្រីវប្បធម៌” នេះឡើង គឺក្នុងគោលបំណងរក្សាបាននូវគុណតម្លៃ និងគុណបំណាច់របស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង ដោយខេត្តស្ទឹងត្រែង ត្រូវបានរំដោះនាថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩ និងក្នុងក្របខណ្ឌទូទាំងប្រទេស នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីធានាថា គុណតម្លៃ និងគុណបំណាច់ ដ៏ឧត្តុង្គឧត្តមរបស់វីរជនយើង នឹងមិនរលាយសាបសូន្យឡើយ។​ លោកអភិបាលខេត្ត បានអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ និងយុវជនទាំងអស់ អញ្ជើញមកចូលរួមទស្សនា ព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនេះ ដើម្បីរួមចំណែកក្នុងការរក្សា និងផ្សព្វផ្សាយអរិយធម៌ ប្រពៃណីជាតិ ឲ្យកាន់តែរឹងមាំ និងបន្តពី១ជំនាន់ទៅ១ជំនាន់ទៀត៕ដោយ៖ឡុង សំបូរ