លោកជំទាវ លំ គន្ធារី និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខរងរបួស០៦រូប ដែលទើបបញ្ជូនមកថ្មីសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ 

0

(កំពង់ធំ)÷ នាព្រឹកថ្ងៃចន្ទទី០៥ ខែមករា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា លោក កែវ ផល នាយកសាខា មន្ត្រីក្រុមប្រតិបត្តិ បានចុះសួរសុខទុក្ខ វីរៈកងទ័ពជួរមុខរងរបួស ចំនួន០៦រូប ដែលទើបបញ្ជូនមកថ្មីសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ ។

លោកជំទាវ លំ គន្ធារី  បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន រហូតខ្លះត្រូវរងរបួសធ្ងន់ខ្លះរបួសស្រាល  ដែលត្រូវបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំនេះ។

លោកជំទាវ ក៏បាននាំយកផ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចប្រធាន  តែងតែបានណែនាំឱ្យគ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា  យកចិត្តទុកដាក់ ជួយដោះស្រាយសំរាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យទាន់ពេលវេលា ពិសេស  ត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជំងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់។

ក្នុងឱកាសនោះ លោកជំទាវ  បានសំណូមពរវីរយុទ្ធជនយើងខិតខំថែទាំសុខភាពឱ្យបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន និងជូនពរឆាប់ជាសះ
ស្បើយពីជំងឺនឹងឆាប់បានវិលត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពវិញ សូមបញ្ជាក់ផងដែរសម្រាប់ថវិកាផ្តល់ជូនដល់វីរៈកងទ័ពចំនួន៦នាក់ ក្នុង១នាក់ទទួលបាន២០ម៉ឺនរៀល៕