ឯកឧត្តម អ៊ុន ចាន់ដា ក្រេីនរំលឹកដល់មន្ត្រីកាកបាទក្រហមខេត្តកំពង់ចាម ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ និងធ្វើការងារសវនកម្មផ្ទៃក្នុងឱ្យមានតម្លាភាព និងគណនេយ្យភាព

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានក្រេីនរំលឹកដល់មន្ត្រីកាកបាទក្រហមខេត្ត ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ ចំណូល ចំណាយ ការទូទាត់ និងធ្វើការងារសវនកម្មផ្ទៃក្នុង ឱ្យមានតម្លាភាព និងគណនេយ្យភាព។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៥ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់ អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើឱ្យការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយជនងាយរងគ្រោះដោយផ្តោតសំខាន់លើជនភៀសសឹក ពលករចំណាកស្រុក និងគ្រួសារវីរ:កងទ័ពជួរមុខ បានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ៣យ៉ាង ។

ជាមួយគ្នានោះឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំឱ្យបន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមនឹងជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ពិសេសការគិតគូរពីការកសាងភាពធន់សហគមន៍នៅគោលដៅ ដើម្បីសាកល្បងអនុវត្តសកម្មភាពផ្ដោតចម្រុះវិស័យអាទិភាពក្នុងយុទ្ធសាស្ត្រ ដែលជាការកសាងសមត្ថភាពសហគមន៍ ធានានិរន្តរភាពតាមរយៈវត្តមាន មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន ចុះធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការសង្គ្រោះបឋម ការត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយ ការអប់រំថែទាំសុខភាពសហគមន៍ ការផ្សព្វផ្សាយគោលការណ៍គ្រឹះ ការការពារបដិរូប យុទ្ធនាការអនាម័យបរិស្ថានស្អាត ចូលរួមទប់ស្កាត់គ្រឿងញៀន នៅតាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សារបស់ខ្លួនផងដែរ ៕