អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសរសេរមាតិកា និងមន្ត្រីទទួលបន្ទុកព័ត៌មានក្រុងស្រុក មន្ទីរ-អង្គភាពជុំវិញខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសរសេរមាតិកា និងមន្ត្រីទទួលបន្ទុកព័ត៌មានក្រុង/ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីបង្កើនការទំនាក់ទំនងល្អ មានទំនុកចិត្ត សហការរយៈពេលវែង ពង្រឹងការផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងជំរុញការផ្សព្វផ្សាយពីកិច្ចអភិវឌ្ឍរបស់រដ្ឋបាលខេត្ត ដើម្បីរួមចំណែកអភិវឌ្ឍខេត្តស្ទឹងត្រែង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ពិធីសំណេះសំណាល ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែងនោះ ក៏មានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត ក្រុង/ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តស្ទឹងត្រែង ផងដែរ។

អភិបាលរងខេត្ត និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានលើកឡើងថា ក្នុងយុគសម័យឌីជីថល ព័ត៌មាន គឺជាថាមពលដែលអាចកែច្នៃចលនាសង្គម ការកែប្រែនៃមូលដ្ឋានសតិអារម្មណ៍ និងការផ្សារភ្ជាប់ទៅជាមួយនឹងសេដ្ឋកិច្ចសង្គម និងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់។ លោកថា សម្រាប់អ្នកផលិត អ្នកបង្កើត និងអ្នកសរសេរព័ត៌មាន ឬមាតិកា ក៏ជាផ្នែកមួយដ៏សំខាន់ នៃភាគទានអភិវឌ្ឍសេដ្ឋកិច្ច សង្គម រួមទាំងសន្តិសុខ សុវត្ថិភាព និងកិច្ចការពារជាតិ ដោយហេតុថា សនិទានភាពនៃព័ត៌មាន គឺជាប្រភពអំណាច និងឥទ្ធិពល មូលដ្ឋានគ្រឹះសម្រាប់ការសម្រេចចិត្ត ស្ពានចម្លងវប្បធម៌ ចំណេះដឹង និងស្មារតី សតិអារម្មណ៍ ការផ្សារភ្ជាប់សេដ្ឋកិច្ច ជីវភាពរស់នៅ ការបង្កើតមុខរបរ និងការច្នៃប្រឌិត។ ដូចនឹងបញ្ហាដែលយើងបានជួបប្រទះជាក់ស្តែងបច្ចុប្បន្ន គឺសមរភូមិសាធារណមតិ និងសង្គ្រាមចិត្តសាស្ត្រ ដែលកំពុងមានឥទ្ធិពលក្នុងដំណាក់កាល នៃការឈ្លានពានរបស់ថៃមកលើកម្ពុជាយើងជាឧទាហរណ៍ស្រាប់។

លោកអភិបាលរងខេត្តស្ទឹងត្រែង ម៉ែន គុង បានបញ្ជាក់ថា កន្លងមកនេះ ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកអភិបាលខេត្ត លោកបានរៀបឲ្យមានចំយន្តការមន្ត្រីទទួលបន្ទុកព័ត៌មាននៅតាមន្ទីរ អង្គភាពក្នុងខេត្ត និងរដ្ឋបាលក្រុង/ស្រុក ដើម្បីជាប្រយោជន៍រួម និងជាកម្លាំងស្នូលសម្រាប់អង្គភាពសាមី ឈានចេញពីផលជះជាអវិជ្ជមាននេះ ចំពោះមុខក៏នឹងជំរុញឲ្យមានយន្តការស្រដៀងនេះ នៅថ្នាក់ឃុំ សង្កាត់ និងតាមអង្គភាពមួយចំនួនទៀត អាស្រ័យលើស្ថានភាព និងសភាពការណ៍ជាក់ស្តែង ធនធានមនុស្ស ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ លើការងារនេះរបស់សាមីអង្គភាពទាំងនោះ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា ការបង្កើតឡើងនូវពិធីសំណេះសំណាលនាពេលនេះ ដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ចំពោះអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាន ព្រមទាំងជូនពរ ក្នុងឱកាសចូលឆ្នាំសកល២០២៦ សំដៅពង្រឹងភាពស្និទ្ធស្នាល ការយោគយល់ និងការសហការជិតស្និទ្ធរវាងរដ្ឋបាលខេត្ត និងសារព័ត៌មាននៅក្នុងខេត្ត ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ រហ័ស និងមានគុណភាព។

លោកអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ ចាត់ទុកថា អ្នកសារព័ត៌មាន និងអ្នកសរសេរមាតិកា ពិតជាមានសារៈសំខាន់ណាស់ និងជាដៃគូមិនអាចខ្វះបានរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីសភាពការណ៍ទូទៅ ការអភិវឌ្ឍ សមិទ្ធផល និងទិសដៅការងាររបស់ខេត្ត ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានជំរុញអ្នកសារព័ត៌មានទាំងអស់ ឲ្យបន្តអនុវត្តវិជ្ជាជីវៈប្រកបដោយសីលធម៌ ភាពទទួលខុសត្រូវ និងការគោរពច្បាប់ ស្របតាមគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល នាអាណត្តិទី៧នេះ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យអ្នកសារព័ត៌មានយល់ដឹងកាន់តែច្បាស់ និងអាចផ្សព្វផ្សាយព័ត៌មានបានស្របតាមទិសដៅរួម៕ដោយ៖ឡុង សំបូរ