តើ«អធិរាជល្បែង»ប្រចាំខេត្តកំពង់ធំមានឥទ្ធិពលអ្វី? ទើបសង្វៀនល្បែងដុះស្លែអាចដំណើរការយ៉ាងរលូនខុសច្បាប់

0

​(ខេត្តកំពង់ធំ)៖ ខណៈដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងលើការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅឯខេត្តកំពង់ធំឯណេះវិញ គេសង្កេតឃើញថា បនល្បែងស៊ីសងខុសច្បាប់ធំៗ ជាពិសេសសង្វៀនជល់មាន់ កំពុងតែរីកដុះដាលយ៉ាងអនាធិបតេយ្យ ដែលមហាជនដាក់ការសង្ស័យថា កំពុងមានការបិទភ្នែកឱ្យដំណើរការពីសំណាក់អាជ្ញាធរមូលដ្ឋាន។
​តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានលើកឡើងចំៗថា អាណាចក្រល្បែងស៊ីសងដ៏ធំប្រចាំខេត្តកំពង់ធំនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់មេល្បែងដុះស្លែម្នាក់ ដែលមានហាសនាមថា «អធិរាជល្បែងអាន»។ អ្វីដែលជាទីកត់សម្គាល់ គឺទីតាំងទាំងនេះមិនត្រឹមតែបើកចំហរនោះទេ ប៉ុន្តែថែមទាំងហាក់មាន “ខ្នងបង្អែក” រឹងមាំ រហូតដល់ថ្នាក់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចជំនាញ ហាក់មិនហ៊ានក្អក ឬចុះបង្ក្រាបឱ្យខាងតែបានឡើយ។
​ជាក់ស្តែង ក្នុងភូមិសាស្ត្រ ស្រុកសន្ទុក ត្រូវបានគេទម្លាយថាមានបនល្បែងបង្កប់ខ្លួនចំនួន ២ កន្លែងធំៗ ដែលកំពុងអង្រួនសន្តិសុខក្នុងតំបន់៖
១. ចំណុចក្នុងចំការស្វាយចន្ទី ភូមិវាំង ឃុំតាំងក្រសាំង៖ ជាសង្វៀនជល់មាន់ និងបនល្បែងស៊ីសង ដែលមានឈ្មោះ «នី» ជាអ្នកមើលការខុសត្រូវផ្ទាល់។
២. ចំណុចភូមិចុងដា ឃុំត្បូងក្រពើ៖ មានម្ចាស់ទីតាំងឈ្មោះ «ទុន» ដែលជាចំណុចប្រមូលផ្តុំអ្នកលេងល្បែងយ៉ាងពពាក់ពពូន។
​ប្រភពដដែលបានបញ្ជាក់ថា ទីតាំងទាំងពីរខាងលើនេះ គឺសុទ្ធតែស្ថិតក្រោមខ្សែបណ្តាញគ្រប់គ្រងរបស់លោក «អាន» ដែលជាមេល្បែងមានឥទ្ធិពលលើសគេក្នុងខេត្តកំពង់ធំ។
​សកម្មភាពល្បែងស៊ីសងទាំងនេះ មិនត្រឹមតែបង្កឱ្យមានភាពអសន្តិសុខ ប៉ុន្តែវាក៏ជាឫសគល់នៃបទល្មើសលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាច។
​ពាក់ព័ន្ធនឹងករណីនេះ មហាជនក្នុងខេត្តកំពង់ធំ កំពុងផ្ដោតការយកចិត្តទុកដាក់ និងរង់ចាំមើលចំណាត់ការរបស់ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និង លោក ហេង សុផល ស្នងការនគរបាលខេត្ត ថាតើលោកទាំងពីរនឹងបន្តបណ្តែតបណ្តោយឱ្យបុគ្គលឈ្មោះ «អាន» បន្តធ្វើជាអធិរាជល្បែងផ្គើននឹងច្បាប់ ឬក៏នឹងមានវិធានការវះកាត់មហារីកសង្គមមួយនេះ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋវិញ?
​ដោយ​ នាគរាជ