ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួនជិត ១០៧លានរៀល ររបស់រាជរដ្ឋាភិបាលតាមរយៈសាខាមូលនិធិជាតិជំនួយសង្គមខេត្ត្តកំពង់ធំ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន ៧គ្រួសារ  និងឧបត្ថម្ភអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនអតីតយុទ្ធជន ពិការចំនួន ៥គ្រួសារ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួន ១០៦,៩៩៣,៣១០រៀល របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៧គ្រួសារ ដែលអញ្ជើញមកពីតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងអតីតយុទ្ឋជន ពិការ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៥គ្រួសារ ដែលបានអញ្ជើញមកពីស្រុកកំពង់ស្វាយ ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ ព្រមទាំងនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រជាពលរដ្ឋ ក៏បានអញ្ជើញចូលរួមផងដែរ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ។

លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានឡើងរាយការណ៍អំពី គោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដល់ប្រាក់ធានាអារ៉ាប់រងសង្គម សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលបានទទួលមរណភាពនាពេលកន្លងទៅ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត  និងបានគូសបញ្ជាក់អំពី ចំនួនទឹកប្រាក់ដែលក្រុមគ្រួសារសពអតីតយុទ្ធជនត្រូវបានទទួល  មានការខុសៗគ្នា ទៅតាមឋានន្តរសក្កិ និងអតីតភាពការងារ និងប្រភេទមុខសញ្ញារបស់អតីតយុទ្ធជននីមួយៗ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះអតីតយុទ្ធជនរបស់យើង ដែលបានទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។  និងបានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ក្នុងរយៈពេលជាង ៣ខែកន្លងទៅ ក្នុងពិធីបុណ្យសព ក្រុមគ្រួសារសពអតីតយុទ្ធជនបានទទួលថវិកាបេឡាមរណៈសង្គ្រោះសម្រាប់ធ្វើបុណ្យសព រួចមកហើយ និងនៅថ្ងែនេះបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ត្រូវបានទទួលកញ្ចប់ថវិកាធានារ៉ាប់រងសង្គមរបស់រាជរដ្ឋាភិបាលសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ។ នៅក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន ក៍បានសំណេះសំណាលសាកសួរសុខទុក្ខ និងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនបងប្អូនអតីតយុទ្ធពិការដែលមានជីវភាពលំបាកខ្វះខាត ចំនួន ៥គ្រួសារ ដែលបានអញ្ជើញមកពីស្រុកកំពង់ស្វាយ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រី ទឹកសុីអុីវចំនួនមួយយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ ។

ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ៧គ្រួសារ  និងបងប្អូនអតីតយុទ្ធពិការដែលមានជីវភាពលំបាកខ្វះខាត ចំនួន ៥គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ និងបានប្តេជ្ញាចិត្តដាច់ខាតគាំទ្រការដឹកនាំរបស់សម្ដេចលុះត្រាអវសាន្តជីវិត និងបានសូមគោរពជូនពរសម្ដេច លោកជំទាវឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបានតែនឹងពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។