ខេត្តកំពង់ធំ៖ ដោយសេចក្ដីគោរពស្រឡាញ់ និងអាណិតអាសូរជាពន់ពេកចំពោះ ប្រជាពលរដ្ឋមួយរូបដែលធ្លាក់ខ្លួនពិការដោយសារជំងឺដាច់សរសៃឈាម ហើយរស់នៅឯកោគ្មានទីពឹង ដែលបានដិតជាប់ក្នុងអារម្មណ៍ក្នុងពេលបានជួបគាត់នាពេលថ្មីៗកន្លងទៅនេះ ។ ដេីម្បីជួយដោះស្រាយនូវការលំបាកខ្វះខាតជូនគាត់ នៅព្រឹកថ្ងៃ ១៧ ខែ មករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍
ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងលោកវរសេនីយ៍ទោកែ ម៉ៃ នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនគាត់ ដែលកំពុងរស់នៅភូមិត្នោត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
លោកយាយ ប៉ូ សុខ អាយុ ៦៧ ឆ្នាំ បានរៀបរាប់ថា គាត់ជាស្ត្រីមេម៉ាយ អស់រយៈពេល ៤០ ឆ្នាំហើយ មានកូនប្រុសមួយនាក់ បានទៅប្រកបមុខរបរជាជាងសំណង់នៅទីក្រុងភ្នំពេញ មានការខ្វះខាតយ៉ាងខ្លាំង មិនអាចមានថវិកា និងមកមេីលថែទាំម្តាយបានឡេីយ ដោយគាត់រស់នៅឯកោ ក្នុងពេលដែលគាត់បានធ្លាក់ខ្លួនពិការអស់រយៈពេល៥ ឆ្នាំ ហើយ ។ លោកយាយប៉ូ សុខ បានថ្លែងទឹកភ្នែកបន្ថែមទៀតថា រៀងរាល់ថ្ងៃគាត់ត្រូវរំកិលខ្លួនដែលពិការចំអិនម្ហូបអាហារ បន្តិចបន្តួច ដែលបានអ្នកជិតខាងបានផ្តល់ជូនគាត់ ។ តែនៅពេលខ្លះទៀតសុខភាពគាត់មិនល្អ មិនអាចធ្វេីអ្វីបាន ហើយអ្នកជិតខាងគាត់រវល់ភារកិច្ចសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារនីមួយៗដែរ គាត់ត្រូវសម្រាកនៅលេីកន្ទេលទោចចិត្តចំពោះព្រហ្មលិខិតទាំងទឹកភ្នែក ។
នៅក្នុងឱកាសនេះ ក្រុមការងារបាននាំយកនូវអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភជូនគាត់ មានអង្ករចំនួន ៥០ គីឡូក្រាម មីខ្លាឃ្មុំចំនួន ២ កេស ត្រីខកំប៉ុងចំនួន ២ យួរ ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ២ យួរ ទឹកផ្លែឈើចំនួន ១ កេស ទឹកសុទ្ធចំនួន ៥ យួរ ភួយដណ្ដប់ចំនួន ពីរ និងថវិកាមួយចំនួនទៀតផងដែរ ។
លោកយាយ ប៉ូ សុខ រំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការជួយឧបត្ថម្ភដល់ជីវិតរស់នៅរបស់គាត់ នៅពេលនេះ ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន និងបាន សូមគោរពជូនពរសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលះ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ ៕





































