ប្រតិភូព្រះមន្រ្តីសង្ឃខេត្តសៀមរាប និងខេត្តបាត់ដំបងនាំយកអំណោយរបស់មូលនិធិវត្តខ្មែរខេមរពុទ្ធិការាម រដ្ឋកាលីហ្វ័រញ៉ាញាសហរដ្ឋអាមេរិក ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក៦៥០គ្រួសារ នៅស្រុកស្រីស្នំ

0

K D s r

សៀមរាប: ព្រះមន្រ្តីសង្ឃខេត្តសៀមរាប និងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បាននិមន្តចុះសួរសុខទុក្ខចែកជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដែលជាអំណោយរបស់មូលនិធិ វត្តខ្មែរខេមរពុទ្ធិការាម នៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន៦៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងវត្តប្រាសាទបូទុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
ព្រះមហាចារ សំ សារ៉ូន ព្រះចៅអធិការវត្តខ្មែរខេមរពុទ្ធិការាម (ហៅវត្តវីលឡូរ៍) ទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានសង្ឃដីកាថា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមបញ្ហានៅព្រំដែនកម្ពុជា-ថៃ ដែលជាការគំរាមកំហែងលើបូរណភាពទឹកដីកម្ពុជាប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវពង្រឹងស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជម្នះរាល់ការលំបាក និងការពារជាតិមាតុភូមិ។ ព្រះអង្គមានសង្ឃដីកាលើកឡើងថា ស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ។ ព្រះអង្គមានសង្ឃដីកាបន្តថា សង្គ្រាមមិនដែលផ្តល់សុភមង្គល ឬ ភាពរីកចម្រើន ការជួបជុំគ្រួសា រដូចសន្តិភាពនោះទេ គឺសង្គ្រាមមានតែធ្វើឲ្យ ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ។ ស្របនឹងស្ថានការណ៍នេះ វត្តអារាម គឺជារបស់យើងទាំងអស់គ្នា ហើយនៅទីនេះគឺជាទីស្នាក់អាស្រ័យនៃសេចក្ដីស្ងប់ ជាទីដែលយើងបានរស់នៅដោយផ្អែកលើធម៌មេត្តា និង ធម៌ករុណារបស់ព្រះសង្ឃ។ ព្រះអង្គ សូមសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត ចំពោះការបាត់បង់ និងការឈឺចាប់ទាំងឡាយ ដែលបងប្អូនបានជួបប្រទះ ។ ព្រះអង្គបានមានសង្ឃដីកា បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព មិនត្រូវការសង្គ្រាមនោះឡើយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ។
ឆ្លៀតឱកាសនោះដែរប្រតិភូព្រះមន្ត្រីសង្ឃ បាននិមន្ត ធ្វើការប្រោះព្រហ្មសុគន្ធារី ដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ដើមី្បសុំសេចក្តីសុខចម្រើនតទៅអនាគត ៕