(កបប)ដុតកំទេចផលិតផលម្ហូបអាហារហួសកាលបរិច្ឆេតប្រមាណ១តោនចោល

0

ខេត្តព្រះសីហនុ៖ផលិតផលម្ហូបអាហារហួសកាលបរិច្ឆេតប្រមាណ១តោននាព្រឹកថ្ងៃទិ២០ខែ មករា ឆ្នាំ ២០២៦ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុនិងមន្ត្រីជំនាញ កបប ដុតកំទេច នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិអូរកំបុត សង្កាត់អូរឧកញ្ញាហេង ក្រុងកំពង់សោម ។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់អភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក និង មន្ទីរ  អង្គភាពជុំវិញខេត្ត ព្រះរាជអាជ្ញា សាខាគយ កងកម្លាំងសមត្ថកិច្ច និងមន្ត្រីនៃអគ្គនាយកដ្ឋានកិច្ចការពា អ្នកប្រើ ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តព្រះសីហនុ ។លោក ហែម ដារិទ្ធ អភិបាលរង បានមានប្រសាសន៏កោតសរសើរដល់មន្ត្រីសាខា ក ប ប ខេត្ត ព្រះសីហនុ ដែលបានដកហូតម្ហូបអាហារមិនភាពអនុលោម មកកំទេចចោលទាន់ពេលវេលា ព្រោះទំនិញនេះ អាចបង្ក ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្ត បានបញ្ជាក់ថា ការដុតកំទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយ តបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាគោលនយោបាយចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាអោយ ម្ហូបអាហារ គ្មានសារធាតុគីមី មានអនាម័យ រក្សាអោយបាននូវសុខភាពប្រជាពលរដ្ឋ ស្ថេរភាពទីផ្សារផ្នែកម្ហូប អាហារ នាំអោយមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ ដោយ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមទីផ្សារក្នុងភូមិសាស្រ្តខេត្តព្រះសីហនុកំពុងទទួលបានលទ្ធផលផ្លែផ្កាក្នុ្ងងការបង្ក្រាបនិងលុបបំបាប់ទាំងស្រុងនូវសារធាតុគីមី ដ៍គ្រោះថ្នាក់មួយចំនួនដូចជា : បូរ៉ាក់ ហ្វ័ម៉ាលីន និងសារធាតុគីមី អូរ៉ាមីន-អូ ជាដើម។ដោយកន្លងមកនៅក្នុងអំឡុងឆ្នាំ២០២៤-២៥ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងម្ហូបអាហារពុំមានសុវត្ថិភាព នៅតាមទីផ្សារនៃខេត្តព្រះសីហនុ សរុបចំនួន ជាងមួយពាន់គីឡូក្រាម ដូចជា (នំកញ្ចប់ មីចំរុះ គ្រឿងកំប៉ុង គ្រឿងសមុទ្រ និងបន្លែ ផ្លែឈើ ផ្ទុកនូវសំណល់ថ្នាំកសិកម្ម) យកទៅដុតកំទេចចោល។

ជាមួយគ្នានេះលោកប្រធានសាខា ក៍សូមផ្តាំផ្ញើដល់បងប្អូនអាជីវករ ត្រូវប្រកាន់ជំហរប្រគួតប្រជែងដោយសមធម៌ មិនត្រូវលក់ដូរបង្ខូចតម្លៃទំនិញ យកទំនិញហួសកាលបរិច្ឆេទ ទំនិញគ្មានប្រភពច្បាស់លាស់ ឬទំនិញក្លែក្លាយយកមកដាក់លក់ដូរនោះឡើយ។ បើពុំនោះទេ ក ប ប នឹងអនុវត្តតាមផ្លូវច្បាប់គុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា និងច្បាប់ផ្សេងទៀត និងមានវិធានការ ដកហូតអាជ្ញាបណ្ណ ក្នុងករណីមិនរាងចាល ឈានដល់ការបិតអាជីវកម្មទាំងស្រុងតែម្តង៕នាគសមុទ្រ