(កំពង់ធំ)÷ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានថ្លែងថាគ្រួសារវីរៈកងទ័ព និងជនភៀសសឹកទាំងអស់ គឺជាកាតព្វកិច្ចដែលយើងត្រូវតែគិតគូរ និងផ្តល់ជំនួយ ក្នុងនាមជាកម្លាំងសមរភូមិក្រោយ ដើម្បីលើកទឹកចិត្តដល់សមរភូមិមុខ ក្នុងឱកាសដែលលោក និងសហការី បាននាំយកនូវអំណោយមនុស្សធម៌របស់លោកជឿន ប៊ុនចក់ ហៅអេដមីនជីងចក់ និងក្រុម
ការងារ ចែកជូនទៅដល់គ្រួសារវីរៈកងទ័ព និងជនភៀសសឹកចំនួន៥០គ្រួសារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
លោក សាយ គឹមឡម បានកោតសរសើរ យ៉ាងក្រៃលែងដល់លោក ជឿន ប៊ុនចក់ ហៅអេដមីនជីងចក់ និងក្រុមការងារ ដែលតែងតែគិតគូរពីសុខទុក្ខ សុខុមាលភា ពនិងការរស់នៅ របស់កងទ័ព គ្រួសារកងទ័ព ជនភៀសសឹកនិងជនដែលមានជីវភាពខ្វះខាត និងជួយឧបត្ថម្ភគ្រាំទ្រជានិច្ច។ ជាក់ស្ដែងលោកជឿន ប៊ុនចក់ និងក្រុមការងារទាំងអស់បាននាំយក នូវគ្រឿងឧបភោគ បរិភោគ និងបរិក្ខារប្រើប្រាស់ជាច្រើនឧបត្ថម្ភដល់រដ្ឋបាលស្រុកស្ទោង ដើម្បីចាត់ចែងជួយ ទៅដល់ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យ នៅក្នុងស្រុកស្ទោង ដែលបង្ហាញពីទង្វើសប្បុរស ដ៏ល្អ ក្នុងនាមជាកម្លាំងសមរភូមិក្រោយ។
បន្ថែមពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរភូមិ ឃុំត្រូវតែយកចិត្តទុក្ខដាក់ដល់បងប្អូនដែលជាក្រុមគ្រួសារវីរៈកងទ័ព ជនភៀសសឹក និងប្រជាពលរដ្ឋដែលងាយរងហានីភ័យ ដាច់ខាតមិនឱ្យមានបងប្អូនណាម្នាក់ដាច់ស្បៀងអាហារ ដោយគ្មានអាជ្ញាធរដឹងឮនោះឡើយ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព និងមានអនាម័យជានិច្ចក្នុងការរស់នៅ ហើយបើបងប្អូនណាម្នាក់មានជំងឺដង្កាត់ សូមអញ្ជើញទៅទទួលសេវាថែទាំសុខភាពពីសំណាកមណ្ឌលសុខភាពដែលនៅជិតបំផុត។
សូមបញ្ជាក់ផងដែរថា គ្រួសារវីរៈកងទ័ព ជនភៀសសឹក និងគ្រួសារងាយរងហានីភ័យទាំង៥០គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ២០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងនំមួយប្រអប់៕





































