(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាសមប្រាសាទបល្ល័ង្ក និងលោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងដឹកនាំប្រជុំប្រចាំខែជាលើកដំបូងជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធក្នុងឱកាសឆ្នាំ២០២៦ នៃរដ្ឋបាលស្រុកប្រសាទបល្ល័ង្ក។
នៅក្នុងកិច្ចប្រជុំថ្ងៃនេះមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យ លោកលោកស្រី អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសរុបចំនួន៦៤នាក់។
ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានណែនាំឱ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ កិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។ បន្តចូលរួមឱ្យបានសកម្ម ផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការ ស្របតាមអភិក្រមដែលបានដាក់ចេញនាពេលកន្លងមក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
លោកប្រធានគណៈបញ្ជាការឯកភាពស្រុក បានជំរុញឱ្យមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធ ត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យកាន់តែល្អប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនាមជាមន្រ្តី ត្រូវដុះខាត់ ត្រូវក្រើនរំលឹក កែលម្អចំណុចខ្វះខាត មកបំពេញបន្ថែមឲ្យបានល្អប្រសើរ ហើយការកែលម្អចំណុចខ្វះខាតនោះ មិនត្រូវកើតមានឡើងនូវចំណុចខ្វះខាតដដែលទៀតនោះទេ ។ ម្យ៉ាងទៀតត្រូវរក្សាឱ្យបានល្អប្រសើរ នូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ ចំណែកការរក្សាអនាម័យបរិស្ថាន ក្នុងនាមអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ ដោយដាក់មន្ត្រីក្រោមឱវាទ ឲ្យតាមដានការអនុវត្តការងារឲ្យបានល្អប្រសើរ។
លោកបានបន្តថា ក្នុងនាមជាគណៈបញ្ជាការឯកភាពស្រុក ត្រូវការពារសន្តិសុខ ជូនប្រជាពលរដ្ឋឱ្យបានល្អនៅតាមមូលដ្ឋាន ដើម្បីជាទំនុកចិត្តសម្រាប់របស់ប្រជាពលរដ្ឋ ហើយក៏ជាការគៀងគរភ្ញៀវជាតិ អន្តរជាតិ ឱ្យមកដើរលេងកម្សាន្តនៅរមណីយដ្ឋាននានាក្នុងស្រុកប្រាសាទបល្ល័ង្ក កាន់តែច្រើនផងដែរ។
លោក ក៏បានជំរុញឱ្យស្មៀនឃុំទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនដោយចិត្តទុកដាក់និងមានទំនួលខុសត្រូវលប់បំបាត់ឱ្យបាន មន្ត្រីប្រើអំណាចដើម្បីប្រយោជន៍បុគ្គល និងត្រូវរក្សាអាកប្បកិរិយាសេចកក្ដីថ្លៃថ្នូរពេលបំពេញការងារ៕





































