អបអរសាទរសមិទ្ធផលសម្រាប់ដើម ឆ្នាំ២០២៦ ‎ស្រុកប្រាសាទបល្ល័ង្កចាប់ផ្ដើមសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)និងកម្រាលបេតុង ចំនួន ០៣ខ្សែ ប្រវែងសរុប ៣៣.២៤ គ.ម ក្រោមក្របខ័ណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម

0

‎(កំពង់ធំ)÷ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេសគម្រោង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចគាំពារសង្គម បរិស្ថាន ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអ្នកទទួលការ។

លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាសេនាធិការកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធ៌ម សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារ ប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ទីជនបទ។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានមានចំណាប់អារម្មណ៍ ឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទតាមរយះគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំង(AFD) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខ្សែផ្លូវបន្ថែមចំនួន ០៣ ខ្សែ ទៀត សម្រាប់សាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)និងកម្រាលបេតុង នាពេលនេះ។

ក្នុងនោះតាមរយៈក្រសួងក៏កំពុងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទឱ្យបានឆាប់រហ័ស លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិត របស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើង តាមរយ:ការធ្វើឱ្យប្រសើរឡើងតាមរយ:ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ និងសេវាអប់រំអនាម័យ គាំទ្រដល់សកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធ៌ម នៅតាមតំបន់ជនបទ កែលម្អលក្ខខណ្ឌជីវិតរស់នៅរបស់ប្រជាជនឱ្យមានផាសុខភាព។ ជាពិសេសផ្លូវក្នុងមូលដ្ឋានតាមបណ្ដាតំបន់ទីជនបទដាច់ស្រយាល ដែលកំពុងតែប្រឈមការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរទាំងរដូវប្រាំងនិងរដូវវស្សា៕

‎ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង  បានឱ្យដឹងថា សម្រាប់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការ បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ ដោយផ្តោតទៅលើចក្ខុវិស័យ «កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» ដែលមានគោលដៅចំនួន៥គឺ ១)ប្រជាជនមានជីវភាពរស់នៅសមរម្យ, ២)ប្រជាជនមានសុខភាពមាំមួន, ៣)ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ, ៤)មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង៥)មានអភិបាលកិច្ចល្អ។

‎ ឯកឧត្តម បានថ្លែងចុងក្រោយថា រដ្ឋាភិបាលកម្ពុជាក៏បានកំណត់យុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ២) ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ៣)ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ, ៤) ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង៥) ការគ្រប់គ្រងស្ថាប័ន អភិបាលកិច្ច និងសេវាគាំទ្រទូទៅ។

សូមបញ្ជាក់ថា÷ការដំណើរការនៃគម្រោងសាងសង់បានចាប់ផ្ដើម មានផ្លូវ៣ខ្សែរួមមាន÷ ខ្សែទី១ មានប្រវែង៣.៤៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ទៅភូមិអូរគ្រូកែ ឃុំសបូរណ៍ ស្រុកប្រាសាទសំបូរ ។ ខ្សែទី២ មានប្រវែង ៤.៨១គីឡូម៉ែត្រ តភ្ជាប់ពីភូមិខ្មាក់ ទៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។ ខ្សែទី៣ មានប្រវែង ១៧គីឡូម៉ែត្រ តភ្ជាប់ពីភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រសាទបល្ល័ង្គ ទៅភូមិស្វាយ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ ( អត្ថបទនិងរូបភាព÷ ឆាត វ៉ិត)