ការទទួលស្វាគមន៍ និងសម្របសម្រួលជូនក្រុមការងារបណ្តាញអង្គការសង្គមស៊ីវិល ចុះសិក្សាវាយតម្លៃផលប៉ះពាល់ក្នុងសង្កាត់កូនគ្រៀល និងសង្កាត់អូរស្មាច់

0

(ឧត្តរមានជ័យ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើការស្ដារឡើងវិញនូវជីវភាពរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះ លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញទទួលគណៈប្រតិភូ និងធ្វើការសម្របសម្រួលជូនក្រុមការងារបណ្តាញអង្គការសង្គមស៊ីវិល ក្នុងការចុះសិក្សាវាយតម្លៃផលប៉ះពាល់ជាក់ស្ដែង។

ក្នុងដំណើរចុះសិក្សាវាយតម្លៃនេះ បានផ្ដោតសំខាន់លើការពិនិត្យ និងវាយតម្លៃលើការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបង្កឡើងដោយសារការឈ្លានពានរបស់យោធាថៃមកលើភូមិដ្ឋាននាពេលកន្លងមក ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កូនគ្រៀល និងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការចុះសិក្សានេះ គឺជាជំហានដ៏សំខាន់ក្នុងការប្រមូលទិន្នន័យជាក់លាក់ ដើម្បីស្វែងរកយន្តការគាំទ្រ ជួយសង្គ្រោះ និងស្ដារឡើងវិញនូវលំនឹងជីវភាពជូនប្រជាពលរដ្ឋឱ្យបានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណដល់បណ្តាញអង្គការសង្គមស៊ីវិល ដែលបានបង្ហាញនូវសាមគ្គីភាព និងការយកចិត្តទុកដាក់ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ រដ្ឋបាលក្រុងសំរោង នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាគ្រប់ផលប៉ះពាល់ទាំងអស់ត្រូវបានកត់ត្រា និងទទួលបានការដោះស្រាយស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្ដល់ភាពកក់ក្ដៅ និងសេចក្ដីសុខសាន្តជូនពលរដ្ឋគ្រប់រូប៕ដោយ៖ភ្នំដងរ៉ែក