អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៥

0

កំពង់ធំ÷ លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩  ខែមករា ឆ្នាំ២០២៦។

ជាមួយគ្នានេះផងដែរលោក លី វេត បានគូសបញ្ជាក់ថាសម្ភារៈ និងថវិកាសម្រាប់ការងារគាំទ្រដល់សកម្មភាពចុះមូលដ្ឋាននៅមានលក្ខណៈល្អប្រសើរ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ដូចជា ផ្លូវ ថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយទឹក សំណង់សិល្បការ ទ្វារទឹក លូទឹក សំណង់ស្ទាក់ទឹក និងសំណង់បង្អោរព្រមទាំងអគ្គិសនី និងទឹកស្អាត ឆ្លើយតបសម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ដីព្រៃនៅតំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងគម្របព្រៃឈើឆ្នាំ២០០២។ កសិផល និងផលិតផលខ្មែរ ទទួលបានការគាំទ្រ និងមានទីផ្សារខ្ពស់។ ផលិតផលទេសចរណ៍ក្នុងខេត្តកំពង់ធំកំពុងតែមានការរីកចម្រើនជាបណ្ដើរៗ។ គ្រឹះស្ថានសិក្សាមានអគារសិក្សា បណ្ណាល័យ សម្ភារនិងឧបករណ៍ផ្សេងៗ ព្រមទាំងចំនួនគ្រូបង្រៀនមានគ្រប់គ្រាន់។ ការផ្តល់សេវាពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណប័ណ្ណ និងសេវាពាក់ព័ន្ធនឹងដីធ្លី នៅមូលដ្ឋានគឺបម្រើជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកអភិបាលរងខេត្តកំពង់ធំ បានបន្ថែមទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការពីក្រុមការងារជាខ្សែទទឹងខេត្តកំពង់ធំ សម្រេចបានសមិទ្ធផលជាច្រើនទៀត ជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ និងសុខាភិបាលសរុប១២៥គម្រោង ការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវន្តតូចៗជាច្រើនទៀត។ ការអនុវត្តផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ការជំរុញអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំនៅតាមសាលារៀនគោលដៅ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរ ផ្តោតលើវិស័យស្រូវស្វាយចន្ទី កៅស៊ូ វារីវប្បកម្ម ទេសចរណ៍ និងសហគ្រាសធុនតូចនិងមធ្យម ដោយបានសហការជាមួយដៃគូនានាក្នុងនោះរួមមាន ការដាក់ឱ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍នវានុវត្តខេត្តកំពង់ធំ។ ការអនុម័តឥណទានដោយធនាគារ សហគ្រាសធុនតូច។

លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានដាក់គោលដៅជំរុញសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឱ្យកាន់តែសកម្ម និងផុលផុស ក្រុមការងារបានដាក់ចេញនូវទិសដៅជាមូលដ្ឋានគឺជំរុញការលើកកម្ពស់សមត្ថភាពរបស់អង្គភាពនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ ភាពជាម្ចាស់ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្ត កម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ផ្សព្វផ្សាយ និងចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធី គោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥របស់រាជរដ្ឋាភិបាល ឱ្យទទួលបានលទ្ធផលផ្លែផ្កានិងជាក់ស្តែង។ គាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តកំពង់ធំ ដោយផ្តល់អាទិភាពលើផ្លូវ ថ្នល់ ស្ពាន ប្រឡាយទឹក ទំនប់ទឹក អគ្គិសនី និងទឹកស្អាត ដោយខិតខំស្វែងរកការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីអនុវត្តឱ្យចំគោលដៅ និងមានប្រសិទ្ធ។ ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដើម្បី បង្កើនសក្តានុពលនៃកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ អត្ថបទលោក ធូ កែវមុន្នី