ឧត្ដមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្ដម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនពិការ

0

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ធំ អមដំណើរដោយលោក គង់ សំអាត អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ស្រុកប្រាសាទបល្ល័ង្ក បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី២២ ក្នុងស្រុកប្រាសាទបល្ល័ង្ក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការ ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិត្រាច ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោក ដួង សាវ៉ាត មានអាយុ ៥៨ឆ្នាំ បានរៀបរាប់ថា៖ លោកធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៥ នៅអង្គភាព កងវរសេនាតូចលេខ៦២ វរសេនាធំលេខ៤៦ មានឋានន្តរសក្ដិ ពលបាលឯក ហើយត្រូវទទួលរងរបួសជើងស្ដាំនៅក្នុងសមរភូមិជាំក្សាន្ដ ខេត្តព្រះវិហារ ក្នុងឆ្នាំ១៩៩៥ ក្រោយមកក្រសួងការពារជាតិ បានវាយតម្លៃដាក់ឱ្យលោកចូលជាយោធិនពិការ នៅក្នុងឆ្នាំ២០០០ ។ បច្ចុប្បន្នលោកពលបាលឯក ដួង សាវ៉ាត មានភរិយា ឈ្មោះ ជីម ហ៊ាត អាយុ ៥៤ឆ្នាំ មានជីវភាពលំបាកខ្វះខាត ហើយមានជម្រកស្នាក់នៅមិនសមរម្យ ដោយមានសមាជិកគ្រួសារចំនួន ៥នាក់ នៅក្នុងបន្ទុក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២២ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក គង់ សំអាត ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកពលបាលឯក ដួង សាវ៉ាត សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ។

លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ស្រុកប្រាសាទបល្ល័ង្ក បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នងដែលជាខ្នងផ្ទះទី២២ នៅស្រុកប្រាសាទបល័ង្គ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្រាប់ឡើងផ្ទះថ្មី មួយចំនួនទៀត ជូនដល់អតីតយុទ្ធជននាពេលនេះ ៕