កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ ប្រកបដោយផ្លែផ្កា

0

កំពង់ធំ÷ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ បានរៀបចំពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ។

ក្នុងកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក ឃីម សុខឃាង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសមាជិកសមាជិកា គ្រួសារ ស.ស.យ.ក. ស្រុក/ឃុំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងសម្ដែងនូវការដឹងគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ដែលតែងតែផ្ដល់ការគាំទ្រ និងតម្រង់ទិសដល់គ្រួសារយុវជនក្នុងស្រុកប្រាសាទសំបូរ។

បន្ទាប់មក អង្គសន្និបាតបានស្ដាប់នូវការបង្ហាញលទ្ធផលការងារសំខាន់ៗ រួមមាន៖ លោក យឹម តុងឃាង នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល៖ បានបង្ហាញពីលទ្ធផលការងារក្នុងវិស័យអប់រំ និងបច្ចេកទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានយុវជន។

លោក ប៉ែន សុផាត អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានរាយការណ៍យ៉ាងលម្អិតអំពីសកម្មភាពចុះជួយសង្គម រួមមានការសាងសង់ផ្ទះសប្បុរសធម៌ អណ្ដូងទឹកស្អាត ការជួយគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា យុទ្ធនាការសំអាតបរិស្ថាន និងជាពិសេសគឺជោគជ័យនៃព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍» នៅតំបន់ប្រាសាទសំបូរព្រៃគុក។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ចាន់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រួសារសហភាពសហព័ន្ធយុវជនស្រុកប្រាសាទសំបូរទាំងអស់។ដែលតែងតែលះបង់ពេលវេលា ថវិកា កម្លាំងកាយ ចិត្ត ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ជាពិសេសគឺនៅក្នុងមូលដ្ឋានផ្ទាល់។

ជាមួយគ្នានេះ ឯកឧត្តមបានផ្ដល់នូវអនុសាសន៍គន្លឹះៗសម្រាប់ជាទុនដល់គ្រួសារយុវជនដូចខាងក្រោម៖ ១.ត្រូវស្គាល់ខ្លួនឯង៖ យុវជនត្រូវដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងគោលដៅជីវិតឱ្យបានច្បាស់លាស់ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ។ ២.ត្រូវមានភាពក្លាហាន៖ ក្លាហានក្នុងការគិត ក្លាហានក្នុងការធ្វើ និងក្លាហានក្នុងការទទួលខុសត្រូវលើរាល់សកម្មភាពដែលបម្រើដល់ផលប្រយោជន៍រួម។ ៣.ត្រូវរៀនជំនាញដើម្បីឱកាសការងារ៖ ក្នុងសម័យកាលបច្ចេកវិទ្យានេះ យុវជនមិនត្រូវឈប់រៀនសូត្រនោះទេ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងជំនាញឯកទេសឱ្យបានពិតប្រាកដ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ និងរួមចំណែកកសាងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិ។ ៤.ផ្អែកលើអនុសាសន៍របស់ឯកឧត្តមប្រធាន ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ បានប្តេជ្ញាចិត្តបន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លា ពង្រីកសកម្មភាពជិះកង់ដើម្បីទេសចរណ៍ និងបង្កើនការបណ្ដុះបណ្ដាលសមត្ថភាពយុវជនក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕