កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានឧបករណ៍បង្ការពន្លត់អគ្គិភ័យ ឱ្យបានគ្រប់លំនៅឋាន និងត្រូវត្រៀមឧបករណ៍ សម្ភារៈសាមញ្ញៗ ដូចជាភួយក្រាស់ៗ ខ្សាច់
មានទឹកបម្រុងទុកពេញពាង បើមានទុយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមទឹក កាន់តែប្រសើរ សម្រាប់ពន្លត់នៅពេលដែល មានភ្លើងឆេះគ្រាដំបូង ។ ថ្លែងបែបនេះក្នុងពិធីអបអរសាទរទិវិជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី១១ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជានិយោជក និងយុវជនគ្រប់រូប ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ឱ្យបានគ្រប់គ្នា ព្រោះការងារបង្ការ ទប់ស្កាត់ គ្រោះអគ្គិភ័យ មិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់នោះទេ ប៉ុន្តែ វាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត នូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើង ចង្ក្រាន ការដុតទៀន-ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម។ ពេលដែលមានគ្រោះអគ្គិភ័យផ្សេងៗកើតឡើង សូមបងប្អូនទាំងអស់គ្នាប្រញាប់ផ្តល់ព័ត៌មាន មកអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបងប្អូនបំផុត ដើម្បីសមត្ថកិច្ច ជំនាញជួយអន្តរាគមន៍ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានធ្វេីសេចក្តីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៥ កន្លងមកនេះ គឺករណីអគ្គីភ័យមានរហូតដល់ទៅ ៤៩លើក បើធៀបក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ១៨លើក បណ្ដាលឱ្យមានមនុស្សស្លាប់ ២នាក់ រងរបួស ៥នាក់ និងខូចខាតជាទឹកប្រាក់ សរុប ប្រមាណជាង ១លាន ៩២ម៉ឺនដុល្លារអាមេរិក ៕






































